វត្តមានសត្វស្លាបកម្រ ថតបានក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ​៖​ រូបភាពដ៏ស្រស់ស្អាតនៃប្រភេទសត្វស្លាបកម្រ ដែលកំពុងរងគ្រោះ និងជិតផុតពូជនៅលើសកលលោកចំនួន៤ប្រភេទរួមមាន៖សត្វក្រៀល, សត្វត្រយ៉ងយក្ស​ ឬឪលើក ,សត្វត្រដក់តូច និងសត្វកុកពាក់អំបោះ​ ត្រូវ​បានថតបានក្នុងដែនជម្រកសត្វព្រៃកែវសីមា។​ នេះបេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ កាលពីល្ងាចថ្ងៃទី​២៦​ ខែសីហា​ ឆ្នាំ​២០២១ម្សិលមិញ​។

ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ រូបភាពសត្វស្លាបទាំងនេះទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់ដោយក្រុមស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមការគាំទ្រពីគម្រោង CAMPAS ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវតាមដានវត្តមានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

សត្វស្លាបកម្រទាំងនេះ មានតិចតួចណាស់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាក់ស្តែងសត្វក្រៀល ដែលជា ប្រភេទសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) មានតែប្រមាណ៥ក្បាលប៉ុណ្ណោះដែលក្រុមស្រាវជ្រាវប្រទះឃើញក្នុងដែនជម្រកសត្វព្រៃកែវសីមា។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន មន្រ្តីឧទ្យានុរក្ស និងក្រុមស្រាវជ្រាវកំពុងខិតខំការពារសំបុកពងកូនរបស់សត្វស្លាបទាំងនេះ ក្នុងរដូវកាលបន្តពូជ និងពងកូនចាប់ពីខែមិថុនា និងវិច្ឆិកា។​ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ ក៏ដូចជាប្រភេទសត្វស្លាបកម្រទាំងនេះ សូមចូលរួមការពារសំបុកពងកូនរបស់វា កុំបរបាញ់ កុំដាក់អន្ទាក់ កុំដាក់ថ្នាំបំពុល កុំបរិភោគសាច់សត្វព្រៃ និងចូលរួមការពារទីជម្រកផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print