ប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថា អាមេរិកនឹងតបតវិញទៅលើក្រុមភេរវកម្ម ISIS-K ដែលបានវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ក្នុងពេលបណ្តាប្រទេសកំពុងតែជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន។ ការវាយប្រហារនោះបណ្តាលឲ្យទាហានអាមេរិក១៣នាក់ស្លាប់ ក្រៅពីនេះជាជនស៊ីវិល ក្នុងការវាយប្រហារអត្តឃាត២ផ្សេងគ្នា នៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល នាថ្ងៃទី២៦ខែសីហា ។ លោកបៃឌិនបានចូលរួមរំលែកទុក្ខដល់គ្រួសារទាហានរងគ្រោះខណៈជិតដល់ថ្ងៃដែលបានចាកចេញពីអាហ្វហ្គានីស្ថាន។ លោកបៃឌិនបញ្ជាក់ថា អាមេរិកនឹងតបតវិញដល់ក្រុមទទួលខុសត្រូវចំពោះការវាយប្រហារខាងលើ។ លោកបៃឌិនបានបញ្ជាក់ថា យើងនឹងមិនលើកលែងដល់អ្នកនៅពីក្រោយការវាយប្រហារនោះឡើយ យើងនឹងមិនភ្លេចឡើយហើយស្វែងរកចាប់ខ្លួនអ្នកនៅពីក្រោយយកមកដាក់ទោស។ លោកបៃឌិនក៏បានបញ្ជាទៅក្រសួងការពារជាតិ ឱ្យឡើងគម្រោងវាយប្រហារទៅលើទីតាំងក្រុមភេរវកម្ម ISIS-K ក្នុងពេលវេលាសមស្រប។ លោកបៃឌិន ក៏មិនទាន់បញ្ជាក់ថាក្រុមតាលីបង់មានជាប់ពាក់ព័ន្ធដែរឬទេ ដោយនៅពេលនេះមិនទាន់រកឃើញទំនាក់ទំនងរវាងតាលីបង់និឹងការវាយប្រហារនោះនៅឡើយ។ ប្រធានាធិបតីអាមេរិកបញ្ជាក់ថា សកម្មភាពជម្លៀសពលរដ្ឋនៅតែបន្តធ្វើឡើងតាមការគ្រោងទុក។ ក្នុងពេលនេះដែរ ក្រុមភេរវកម្ម IS បានទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន ។ក្រុមភេរវកម្ម IS ចោទប្រកាន់ក្រុមតាលីបង់ថាបានសហការជាមួយអាមេរិកក្នុងការជម្លៀសពលរដ្ឋនៅអាហ្វហ្គានីស្ថាន។ សូមបញ្ជាក់ផងដែរថា ភេរវករ២នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅច្រកចូលអាកាសយានដ្ឋាន សម្លាប់មនុស្ស៧០នាក់ ក្នុងនោះមានទាហានអាមេរិក ១៣នាក់។ ក្រុម IS បានប្រកាសថាបានបំបែករបាំងសន្តិសុខដែលអាមេរិក និងក្រុមតាលីបង់បានបង្កើតឡើង។ នេះជាការវាយប្រហារសម្លាប់ទាហានអាមេរិកច្រើនបំផុតនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ ២០១១ និងជាលើកដំបូងចាប់តាំងពីក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន៕ដោយ៖ធីរីណា
លោក Biden បានធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកដែលបានសម្លាប់ទាហានអាមេរិក ១៣ នាក់នៅអាកាសយានដ្ឋានក្រុងកាប៊ុល។ ប្រភព៖cadn.com.vn.
ផ្សែងបានកើនឡើងបន្ទាប់ពីការវាយប្រហារពីរដងនៅថ្ងៃទី ២៦ ខែសីហាដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ៧២ នាក់ស្លាប់។ ប្រភព៖AP.