ខេត្តសៀមរាប: លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានថ្លែងថា, តាមពិតទៅ ផ្ទះនេះត្រូវបានសាងសង់ទាំងស្រុងឡើងវិញភ្លាមៗដោយ«អង្គការលំនៅឋានកម្ពុជា» (Habitat Cambodia) បានមួយរយៈកាលរួចមកហើយ តែដោយសារមមាញឹកពេក បានទើបតែលើកយកមកថ្លែងអំណរគុណនាពេលនេះ។ អង្គការលំនៅឋានកម្ពុជាគឺជាដៃគូដ៏សំខាន់របស់ស្រុកបន្ទាយស្រី ក្នុងផ្តល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រខ្លាំង និងងាយរងគ្រោះឱ្យមានទីជម្រករស់នៅសមរម្យក្នុងពេលកន្លងមកនេះ។ បន្ថែមពីនេះ អង្គការក៏បានសហការជាមួយរដ្ឋបាលស្រុកអនុវត្តគម្រោង”លើកកម្ពស់សហគមន៍ដើម្បីភាពរឹងមាំ” ដែលគ្រោងនឹងជួសជុល កែលម្អ ឬសាងសង់ទាំងស្រុងឡើងវិញ នូវផ្ទះចំនួន ១៣៩ខ្នង នៅក្នុងភូមិពើងឆ័ត្រ នារយៈពេល៣ឆ្នាំខាងមុខ។
លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងថា, ដើម្បីបានជាទុនក្នុងការចាប់ផ្តើមជីវិតសារជាថ្មីរបស់ក្រុមគ្រួសារដ៏កម្សត់មួយនេះ ខ្ញុំនិងមិត្តភ័ក្តិមួយចំនួនទៀតក៏បានរៃអង្គាសថវិកាគ្នាបានចំនួន ១០០០ដុល្លារ បន្ថែមទៀត ជូនដល់ពួកគាត់ក្នុងឱកាសទទួលយកផ្ទះថ្មីរបស់ខ្លួនផងដែរ៕
ដោយ, សិលា