កណ្ដាល: បុរសម្នាក់ ផឹកស្រាថ្នាំប្រហែលអស់កន្លះលីត្រ រួចចូលគេង លុះព្រឹកឡើងស្រាប់តែស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់របស់ខ្លួនយ៉ាងអនោចអធ័ម ដោយសង្ស័យថា ការស្លាប់នេះ គឺបណ្ដាលមកពីខ្យល់គរ។ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥ និង ០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉េង ម៉ាលីស ស្ថិតនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាច នី ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ វ៉េង ម៉ាលីស ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៨ ជនរងគ្រោះបានទិញស្រាថ្នាំចំនួន០១ដបទឹកសុទ្ធ (កន្លះលីត្រ) យកមកផឹកនៅផ្ទះរបស់ខ្លួន រួចបានចូលដេក ដូចសព្វមួយដង ។ លុះព្រឹកឡើងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥ព្រឹក ឈ្មោះ វ៉េង ម៉ាលីស ត្រូវជាប្រពន្ធបានទៅដាស់ជនរងគ្រោះឱ្យភ្ញាក់ ដើម្បីក្រោកកើបអាចម៍គោ តែដាស់មិនភ្ញាក់ ទើបដឹងថាប្ដីរបស់ខ្លួនបានដេកស្លាប់បាត់ទៅហើយ រួចក៏ផ្អើលឆោរឡោរឡើង បង្កការភ្ញាក់ផ្អើលដល់បងប្អូន និងអ្នកជិតខាង ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល សហការជាមួយកម្លាំងជំនាញផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកស្អាង គ្រូពេទ្យ មេឃុំ និង មេភូមិ បានធ្វើការពិនិត្យលើសាកសពជនរងគ្រោះ ឃើញថាមិនមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ការសន្និដ្ឋានៈ ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។
ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ តុងឡេង
...