អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំអនុម័តថ្នាក់ខេត្តលើការសរសេរពង្រាងបញ្ចប់របាយការណ៍ផែនការប្រើប្រាស់ដីរបស់កម្មវិធី(Rice-SDP) តាមប្រព័ន្ធ Online

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់អោយដឹងថា, លោក សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំ អនុម័តថ្នាក់ខេត្ត លើការសរសេរពង្រាងបញ្ចប់របាយការណ៍ផែនការប្រើប្រាស់ដីរបស់កម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ (Rice-SDP) Rice Commercialization Sector Development Program – Rice-SDP តាមប្រព័ន្ធOnline ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

កម្មវិធីនេះអនុវត្តនៅថ្នាក់ក្រុង ស្រុក ក្នុងឃុំ សង្កាត់ ចំនួន៣០ឃុំសង្កាត់ គោលដៅ នៃក្រុង ស្រុកទាំងប្រាំមួយ រួមមាន៖ ក្រុងស្ទឹងសែនចំនួន ០២សង្កាត់ ស្រុកស្ទោងចំនួន ០៧ឃុំ ស្រុកកំពង់ស្វាយចំនួន ០៦ឃុំ ស្រុកសន្ទុកចំនួន ០៧ឃុំ ស្រុកបារាយណ៍ចំនួន ០៥ឃុំ និង ស្រុកតាំងគោកចំនួន ០៣ឃុំ ដែលបានអនុវត្តន៍ក្រោមកិច្ចគាំទ្រថវិការបស់រាជរដ្ធាភិបាលកម្ពុជា ដែលបានទទួលប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជំនួយឥតសំណងពីកម្មវិធីកសិកម្ម និងស្បៀងអាហារសកល (GAFSP) ព្រមទាំងមូលនិធិយុទ្ធសាស្រ្តអាកាសធាតុ (SCF) ក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុនផ្តល់សេវាកម្មអេស ប៊ី ខេ រីស៊ើច អេនឌីវីឡុបមែន។

តំណាងក្រុមហ៊ុនសេវាកម្មអេស ប៊ី ខេ រីស៊ើច អេនឌីវីឡុបមែន បានលើកឡើងថាការអនុវត្តគម្រោងនេះមានគោលបំណងការចងក្រងរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ក្នុងគោលបំណងជារួម៖
១.រៀបចំផែនការប្រើប្រាស់ដី ការគ្រប់គ្រងធនធានដី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព ជាពិសេសកាត់បន្ថយទំនាស់នានា ដែលកើតពីការប្រើប្រាស់ដីនៅមូលដ្ឋាន។
២.គាំទ្រកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងសមធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយ:បង្កើនផលិតផលស្រូវ និងនាំការនាំអង្ករចេញ។
៣.សម្រេចឲ្យបាននូវផែនការប្រើប្រាស់ដីនៅក្នុងឃុំស្របតាមស្ថានភាព និងសក្តានុពលដីជាក់ស្តែងឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អាជ្ញាធរនានា និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិឲ្យចំទិសដៅ។
៤.រួមចំណែកគ្រប់គ្រងដីរដ្ឋ ដែលមាននៅក្នុងឃុំ សង្កាត់ ឲ្យបានល្អប្រសើរតាមតួនាទី (មុខងារជាតំណាងរដ្ឋ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន)
៥.ស្វែងរកការគាំទ្របច្ចេកទេសពីស្ថាប័ន អង្គភាពនានា និងពីផ្នែកឯកជនក្នុងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ លូ បានលើកឡើងថាគោលបំណងចម្បងរបស់ Rice-SDP គឺបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ និងប្រាក់ចំណូលសុទ្ធរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករដែលត្រូវបានសម្របសម្រួលតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសផ្នែកច្បាប់ និងការវិនិយោគដែលធន់នឹងអាកាសធាតុ។

លើសពីនេះទៀត លោក សុខ លូ ស្នើលោកអភិបាលក្រុងស្រុកនិងមន្ទីរអង្គភាពពាក់ព័ន្ធខិតខំដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិតធានាឲ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិដែលបានកំណត់។ ការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗសម្រាប់ការកែច្នៃ ការបង្កើនសេវាគាំទ្រការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មគ្រាប់ពូជ ការពង្រឹងសមត្ថភាពកសិករ សមាជិកសហគមន៍៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print