អាមេរិកវាយប្រហារសម្លាប់ក្រុមភេរវកម្ម ឡើងគម្រោងវាយប្រហារអាកាសយានដ្ឋានទីក្រុងកាប៊ុល

ចែករំលែក៖

កម្លាំងទាហានអាមេរិក បានឲ្យដឹងថា សមាជិកក្រុមភេរវកម្ម ISIS-K ដែលចូលរួមឡើងគម្រោងវាយប្រហារអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល សម្លាប់មនុស្សរាប់សិបនាក់ ត្រូវបានទាហានអាមេរិកវាយប្រហារសម្លាប់ ។ ការវាយប្រហារតាមដែនអាកាស ពីយន្តហោះគ្មានមនុស្សទៅលើទីតាំង ក្រុម ISIS-K ។

លោក Bill Uban អ្នកនាំពាក្យទីបញ្ជាការកម្លាំងទាហានអាមេរិក CENTCOM ទទួលបន្ទុកមជ្ឈិមបូព៌ា បានឲ្យដឹងនៅថ្ងៃទី២៧ខែសីហាថា ថ្ងៃនេះយើងបានវាយប្រហារទៅលើទីតាំង របស់ក្រុមភេរវកម្មរដ្ឋអុីស្លាម។ ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកអាមេរិក បានធ្វើឡើងនៅក្នុងខេត្ត Nangarhar នៃប្រទេសអាហ្វហ្គានីស្ថាន ។ លោក Bill Urban បន្តទៀតថា មិនមានពលរដ្ឋស្លាប់ឬរងរបួសនៅក្នុងការវាយប្រហារនោះឡើយ។

ក្រុមភេរវកម្ម ISIS-K ឬហៅថាក្រុមអុីស្លាម Khorasan ជាសាខានៃក្រុមភេរវកម្ម បង្កើតរដ្ឋអុីស្លាមIS បានទទួលខុសត្រូវចំពោះការវាយប្រហារនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល សម្លាប់ទាហានអាមេរិក១៣នាក់ និងទាហានតាលីបង់ជាង ២០នាក់ ។ សរុបអ្នកស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតពីរលើកផ្ទួនគ្នា បានសម្លាប់មនុស្សដល់ទៅ១៧០នាក់។

ប្រធានាធិបតីអាមេរិក លោកបៃឌិនបានប្រកាសថា លោកនឹងមិនលើកលែងដល់អ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម នៅអាកាសយានដ្ឋានទីក្រុងកាប៊ុលនោះឡើយ។ ចំណែកការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកនៅថ្ងៃទី ២៧ខែសីហា បានសម្លាប់ ខ្មាន់កាំភ្លើងក្រុមភេរវកម្ម ISIS-K មួយរូបដែលជាអ្នកឡើងគម្រោងវាយប្រហារភេរវកម្ម៕ដោយ៖ធីរីណា


ផ្សែងចេញពីអាកាសយានដ្ឋានក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការបំផ្ទុះគ្រាប់បែកដោយ ISIS-K នៅថ្ងៃទី ២៦ ខែសីហា។ រូបភាព៖ EPA

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print