ខេត្តកែប៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយលោក នេត ភក្រ្តារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យការដ្ឋានកំពុងសាងសង់ឡដុតសំរាម និងសំណល់វេជ្ជសាស្រ្តមួយកន្លែង ស្ថិតនៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប ។
នាឱកាសនោះលោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនាំមកនូវបរិស្ថានស្អាត ខ្យល់បរិសុទ្ធ និងសុខភាពល្អ !
បន្ទាប់មកបន្តប្រគល់ឯកសណ្ឋាន សម្ភារ និងបណ្ណសរសេីរជូនដល់មន្រ្តីឧទ្យានុរក្សឆ្នេីម នៃមន្ទីរបរិស្ថានខេត្តកែបចំនួន ១៨នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហាម្សិលមិញនេះ លោក សោម ពិសិដ្ឋ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចៀសវាងមានការខ្វះខាត ឬដាច់ស្បៀងដោយប្រការណាមួយ ដែលអាជ្ញាធរមូលដ្ឋានពុំបានដឹង ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏សូមបងប្អូនបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ និង ៣កុំ ទាំងអស់គ្នា”៕