ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍ខណ្ឌសែនសុខក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានដាក់គោលដៅត្រួតពិនិត្យទៅអ្នកធ្វើដំណើរតាមដងផ្លូវ លើមធ្យោបាយណាដែលបើកបរបញ្ច្រាស់ទិសដៅចរាចរណ៍នៅចំណុចមុខមជ្ឈមណ្ឌកំសាន្តវ៉តធឺផាក ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសម្តីសមត្ថកិច្ចដែលបានចុះអនុវត្តិច្បាប់ចរាចរណ៍ខាងលើបានប្រាប់ឱ្យដឹងថា ដោយមានការបញ្ជារផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍យើងដាក់គោលដៅត្រួតពិនិត្យនិង
ពិន័យលើមធ្យោបាយដែលបើកបញ្ច្រាស់ទិសដៅចរាចរណ៍ទើបលោកបានចុះអនុវត្តន៍ផ្ទាល់ក្នុងនោះរយៈពេល១ម៉ោងឃាត់ម៉ូតូដែលបើកបញ្ច្រាស់ទិសដៅចរាចរណ៍បានចំនួន១៦គ្រឿងនិងពិន័យជាប្រាក់នៅកន្លែងបានចំនួន១១គ្រឿងចេញវិក្ក័យប័តសម្រាប់ឲ្យម្ចាស់ទៅពិន័យនៅអធិការខណ្ឌចំនួន៥សន្លឹក។
គួររំលឹកថាទីតាំងខាងលើនេះរាល់ថ្ងៃមានអ្នកបើកម៉ូតូល្មើសច្បាប់ចរាចរណ៍ជាច្រើនគ្រឿង(បញ្ច្រាស់ទិសដៅចរាចរណ៍)ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដោយមើលឃើញបែបនេះហើយទើបលោកអធិការខណ្ឌចាត់ចែងឲ្យនគរបាលចរាចរណ៍ក្នុងខណ្ឌសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លាចុះដាក់គោលដៅត្រួតពិនិត្យនៅចំណុចខាងលើនេះ។ គឺទី១បញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ទី២កាត់បន្ថយការកកស្ទះចរាចរណ៍ ទី៣កុំឲ្យប្រជាពលរដ្ឋយើងបើកបរល្មើស និងដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៕
ដោយ៖ តុង សីហា