ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃទី ៣០ខែសីហា បានចេញលក្ខខណ្ឌចាំបាច់ដើម្បីទទួលស្គាល់ក្រុមតាលីបង់ ជាក្រុមដឹកនាំរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថាន។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ លោកម៉ាក្រុងបានលើកឡើងពីលក្ខខណ្ឌចាំបាច់ដើម្បីទទួលស្គាល់រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្នុងនោះក្រុមតាលីបង់ត្រូវតែគោរពសិទ្ធិមនុស្ស មិនសហការជាមួយក្រុមភេរវកម្មនៅអាហ្វហ្គានីស្ថាន ពិសេសគឺគោរពសិទ្ធិរបស់ស្ត្រី ។
ទន្ទឹមនឹងនោះ ប្រធានាធិបតីម៉ាក្រុង បានអំពាវនាវដល់រដ្ឋាភិបាលបណ្តាប្រទេសត្រូវចាប់ផ្តើមពិភាក្សាជាមួយក្រុមតាលីបង់ ដើម្បីធានាដល់ផលប្រយោជន៍រួម ក៏ដូចជាការជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថានប្រកបដោយសុវត្ថិភាព ។ លោកម៉ាក្រុងបញ្ជាក់ថា «កិច្ចពិភាក្សាមិនមានន័យថាទទួលស្គាល់នោះឡើយ»។
ក្រោយរយៈពេលជាង២សប្តាហ៍ដែលក្រុមតាលីបង់កាន់អំណាចដឹកនាំអាហ្វហ្គានីស្ថាន មន្ទីរពេទ្យនិងសាលារៀននៅទីនេះនៅបន្តបើកទ្វារជាធម្មតា។ តំណាងក្រុមតាលីបង់ក៏បានប្រកាសថា នឹងអនុវត្តគោលនយោបាយដឹកនាំផ្សះផ្សា តម្លាភាព ពិសេសគឺចំពោះកុមារនិងស្ត្រី ។ ពេលថ្មីបំផុតគឺនៅថ្ងៃទី ៣០ខែសីហា ក្រុមតាលីបង់បានបញ្ជាក់ថា ស្ត្រីក្នុងប្រទេសនេះនៅតែទទួលបានសិទ្ធិទៅសាលារៀនធម្មតា តែនៅក្នុងសាលាសិស្សប្រុស និងសិស្សស្រីត្រូវរៀនដាច់ដោយឡែកពីគ្នា។
ប៉ុន្តែបើទោះបីមានការសន្យាពីថ្នាក់ដឹកនាំក្រុមតាលីបង់ក៏ដោយ ក៏ស្ត្រីអាហ្វហ្គានីស្ថាននៅតែមិនមានជំនឿចិត្តទៅលើក្រុមតាលីបង់ ដោយខ្លាចក្រោយពេលអាមេរិក និងបណ្តាប្រទេសដកមន្ត្រីបុគ្គលិកស្ថានទូតរបស់ខ្លួនចេញអស់ ក្រុមនេះអនុវត្តរបបដឹកនាំដូចកាលពីមុន។ ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថានដែលរស់នៅដោយសេរីភាពរយៈពេល២០ ឆ្នាំមិនចង់វិលត្រឡប់ទៅកាន់ស្ថានភាពដូចកាលពី២០ឆ្នាំមុនឡើយ៕ ដោយ៖ធីរីណា