ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកេីតឡេីងកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ខណៈនារី វ័យក្មេង៣នាក់បានស្លាប់ជាបន្តបន្ទាប់ ក្រោយពីពួកគេបាននាំគ្នាក្រឡុកស្រាផឹកសុីជុំគ្នាក្នុងបន្ទប់ជួលមួយកន្លែងជាន់ទី៣ ទល់មុខផ្សារអុីអន១ ស្ថិតក្នុងភូមិ៨ ក្រុមទី៤៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នារីរងគ្រោះដែលស្លាប់រួមមាន ៖
ទី១ឈ្មោះ ស្រ៊ុន ស្រីកា អាយុ ១៧ឆ្នាំ មានមុខរបរ សំអាងការ ស្នាក់នៅកន្លែងកើតហេតុ ។
ទី២ ឈ្មោះ ផល ដាវី អាយុ ១៨ឆ្នាំ មានមុខរបរ សម្អាងការ អ្នកទាំងពីរអ្នកមានស្រុកកំណើតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
រីឯនារីរងគ្រោះទី៣បានស្លាប់នៅឯស្រុកកំណើតមាន ឈ្មោះ ស្រីថៃ អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅនឹងកន្លែងកើតហេតុ និងមានស្រុកកំណើត នៅស្រុកល្វាឯម ខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីវ័យក្មេងៗ៣នាក់ខាងលេី បាននាំគ្នាទិញស្រាយកមកក្រឡុកផឹកសុីជុំគ្នា ក្នុងបន្ទប់នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លុះមកដល់ព្រឹកថ្ងៃទី០២ កញ្ញា មាននារីម្នាក់ ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពីបន្ទប់ជួលនៅភ្នំពេញទៅស្រុកកំណើត នៅអ្នកលឿង ខេត្តព្រៃវែង ខណៈពេលដែលទៅដល់ស្រុកកំណើត មិនបានប៉ុន្មានម៉ោងផងនោះ ចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់អ្នកផ្ទះថា នាងបាននាំគ្នាផឹកស្រាក្រឡុក ក្រោយមកក៏បានស្លាប់តែម្ដង។
បន្ទាប់មកខាងសាច់ញាតិនារីរងគ្រោះបានទាក់ទងប្រាប់ដល់សាច់ញាតិនារី២នាក់ទៀត ដែលនៅភ្នំពេញ ថានារីម្នាក់ ដែលផឹកជុំគ្នា រួចទៅខេត្តវិញនោះស្លាប់ហេីយ រីឯអ្នកទាំង ២នាក់ ក៏បានប្រាប់ថា ខ្លួនក៏ពិបាកក្នុងខ្លួនណាស់ដែរនៅក្នុងបន្ទប់ជួល ។ រហូតមកដល់វេលាម៉ោងជាង១១ថ្ងៃត្រង់ អ្នកនៅខេត្តព្រៃវែង បានធ្វើការទាក់ទងមកម្ដងទៀត ស្រាប់តែទូរស័ព្ទលែងមានអ្នកទទួល ដោយមានការសង្ស័យ សាច់ញាតិអ្នកទាំង២ ក៏បានឡើងមកភ្នំពេញដល់បន្ទប់ជួល រួចបានបើកទ្វារមើលក៏ឃើញដេកស្លាប់ទាំង ២នាក់ ក្នុងបន្ទប់ជួលនៅជាន់ទី៣ទៅហេីយ ។
ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏ធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ឱ្យចុះដល់ទីតាំងកើតហេតុ ព្រមទាំងក្រុមគ្រូពេទ្យមកពិនិត្យយកសំណាកតេស្តរកជំងឺកូវីដ១៩ ដោយលទ្ធផលអវិជ្ជមាន ក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យឃេីញថា នារីរងគ្រោះទាំង២នាក់បានស្លាប់ដោយសារមានសារធាតុអាល់កុលលេីសកម្រិតក្នុងខ្លួន និងធ្វេីឲ្យខូចពោះវៀន និងគ្រឿងក្នុងផងដែរ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ភារ៉ា ដង្កោ