នារី វ័យក្មេងទាំង៣នាក់បានស្លាប់ ក្រោយពីនាំគ្នាក្រឡុកស្រាផឹកជុំគ្នាក្នុងបន្ទប់ជួលមួយកន្លែងក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកេីតឡេីងកាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ​ ខណៈនារី វ័យក្មេង៣នាក់បានស្លាប់ជាបន្តបន្ទាប់​ ក្រោយពីពួកគេបាននាំគ្នាក្រឡុកស្រាផឹកសុីជុំគ្នាក្នុងបន្ទប់ជួលមួយកន្លែងជាន់ទី៣ ទល់មុខផ្សារអុីអន១ ស្ថិតក្នុងភូមិ៨ ក្រុមទី៤៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ។

នារីរងគ្រោះដែលស្លាប់រួមមាន​ ៖​

ទី១ឈ្មោះ ស្រ៊ុន​ ស្រីកា​ អាយុ ១៧ឆ្នាំ មានមុខរបរ សំអាងការ ស្នាក់នៅកន្លែងកើតហេតុ ។

ទី២​ ឈ្មោះ​ ផល​ ដាវី​ អាយុ ១៨ឆ្នាំ មានមុខរបរ សម្អាងការ អ្នកទាំងពីរអ្នកមានស្រុកកំណើតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍​ ខេត្តព្រៃវែង។

រីឯនារីរងគ្រោះទី៣បានស្លាប់នៅឯស្រុកកំណើតមាន ឈ្មោះ​ ស្រីថៃ​ អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅនឹងកន្លែងកើតហេតុ និងមានស្រុកកំណើត នៅស្រុកល្វាឯម​ ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីវ័យក្មេងៗ៣នាក់ខាងលេី បាននាំគ្នាទិញស្រាយកមកក្រឡុកផឹកសុីជុំគ្នា ក្នុងបន្ទប់នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លុះមកដល់ព្រឹកថ្ងៃទី០២ កញ្ញា​ មាននារីម្នាក់ ក្នុងចំណោមអ្នកផឹកជុំគ្នា បានធ្វើដំណើរចេញពីបន្ទប់ជួលនៅភ្នំពេញទៅស្រុកកំណើត នៅអ្នកលឿង ខេត្តព្រៃវែង ខណៈពេលដែលទៅដល់ស្រុកកំណើត មិនបានប៉ុន្មានម៉ោងផងនោះ ចេះតែពិបាកក្នុងខ្លួន ក៏បានប្រាប់អ្នកផ្ទះថា​ នាងបាននាំគ្នាផឹកស្រាក្រឡុក ក្រោយមកក៏បានស្លាប់តែម្ដង។

បន្ទាប់មកខាងសាច់ញាតិនារីរងគ្រោះបានទាក់ទងប្រាប់ដល់សាច់ញាតិនារី២នាក់ទៀត ដែលនៅភ្នំពេញ ថានារីម្នាក់ ដែលផឹកជុំគ្នា រួចទៅខេត្តវិញនោះស្លាប់ហេីយ រីឯអ្នកទាំង ២នាក់ ក៏បានប្រាប់ថា ខ្លួនក៏ពិបាកក្នុងខ្លួនណាស់ដែរនៅក្នុងបន្ទប់ជួល​ ។ រហូតមកដល់វេលាម៉ោងជាង១១ថ្ងៃត្រង់ អ្នកនៅខេត្តព្រៃវែង បានធ្វើការទាក់ទងមកម្ដងទៀត ស្រាប់តែទូរស័ព្ទលែងមានអ្នកទទួល ដោយមានការសង្ស័យ សាច់ញាតិអ្នកទាំង២ ក៏បានឡើងមកភ្នំពេញដល់បន្ទប់ជួល រួចបានបើកទ្វារមើលក៏ឃើញដេកស្លាប់ទាំង ២នាក់ ក្នុងបន្ទប់ជួលនៅជាន់ទី៣ទៅហេីយ​ ។

ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏ធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ឱ្យចុះដល់ទីតាំងកើតហេតុ ព្រមទាំងក្រុមគ្រូពេទ្យមកពិនិត្យយកសំណាកតេស្តរកជំងឺកូវីដ១៩ ដោយលទ្ធផលអវិជ្ជមាន ក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យឃេីញថា​ នារីរងគ្រោះទាំង២នាក់បានស្លាប់ដោយសារមានសារធាតុអាល់កុលលេីសកម្រិត​ក្នុងខ្លួន​ និងធ្វេីឲ្យខូចពោះវៀន​ និងគ្រឿងក្នុង​ផងដែរ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print