លោកស្រី ម៉ែន សំអន៖ ថ្វីត្បិតតែវិស័យកិច្ចការនារីមានការរីកចម្រើន ក៍ប៉ុន្ដែស្ត្រីជាមេគ្រួសារ និងការងារ នៅតែជួបបញ្ហាប្រឈម

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នថ្វីត្បិតតែវិស័យកិច្ចការនារី មានការរីកចម្រើនក្តី ក៏ប៉ុន្តែស្ត្រីជាមេគ្រួសារក្មេងស្រី និងការងារនៅក្នុងប្រទេសកម្ពុជានៅតែជួបបញ្ហាប្រឈមនៅឡើយដូចជាការ មាក់ងាយពីបុរស ពីអ្នកមានអំណាច ពិសេសការរំលោភបំពានផ្លូវភេទ ,អំពើហិង្សាលើស្ត្រីការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ខណៈលោកស្រីចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកផែនការសកម្មភាពការងារឆ្នាំ២០១៦ របស់ក្រសួងកិច្ចការនារីនៅសណ្ឋាគារភ្នំពេញ ។

លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ បច្ចុប្បន្នការងារស្រ្ដីក្នុងវិស័យកិច្ចការនារីគឺបានតួនាទីដ៍សំខាន់ណាស់ ព្រោះនារីបានបំពេញ និងបញ្រ្ជាប់ទៅដល់ស្រ្ដីនៅមូលដ្ឋានដោយភ្ជាប់នូវខ្លឹមសារគ្រោះថ្នាក់ អំពីការរំលោភបំពានផ្លូវភេទ ,អំពើហិង្សាលើស្ត្រី ការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុមួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី ការរើសអើងរបស់មនុស្សខ្លះក្នុងសង្គម ការភ្លើតភ្លើន ទៅតាមសម្ភារនិយម ការវិវឌ្ឍ ផ្នែកសេដ្ឋកិច្ច និងសង្គមនៅលើពិភពលោក និងនៅកម្ពុជា ការកើនឡើងនៃជនអន្តោប្រវេសន៍ឆ្លងដែន ការកើនឡើងនៃសេវាកម្មទេសចរណ៍ ជាពិសេសក្នុងវិស័យឧស្សាហកម្មកំសាន្ត ការប្រើខុសទិសដៅ នៃបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទ អីុនធើណេត និងបណ្តាញសង្គមទំនើប ដូចជាហ្វេសប៊ុកជាដើម ដែលអាចឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសនិងតម្លៃរបស់ស្ត្រីខ្មែរ ក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យយើងរួមគ្នាប្រឹងប្រែងចាត់វិធានការរកដំណោះស្រាយឲ្យបានទាន់ពេលវេលា តាមគ្រប់រូបភាព។

លោកស្រីបានបន្ដថា៖ បញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កំពុងដាក់ ចេញនូវវិធានការជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់ សមភាពយេនឌ័រ ដូចជា ការតែងតាំងស្ដ្រីជាអភិបាលរងរាជធានី ,ខេត្ដ ,ក្រុង, ស្រុក,ខណ្ឌ ការតែងតាំង ឲ្យមានស្ត្រីជាថ្នាក់ដឹកនាំក្នុងកងកម្លាំងប្រដាប់អាវុធគ្រប់កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជាថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេច នៅតាមក្រសួង ស្ថាប័ន និងអង្គភាព នានា និងសេចក្ដីណែនាំ ក្នុងការលើកកម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ត្រីគ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ ជ្រើសរើសប្រលងមន្ដ្រីរាជការឲ្យចូលបម្រើការងារ ត្រូវមានស្ត្រីឲ្យបាន២០ ទៅ៥០ ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានពន្យាអាយុមន្រ្ដីដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ ដល់អាយុ៦០ ឆ្នាំផងដែរ ។

លោកស្រី អ៊ឹង កន្ថាផាវី  រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ បច្ចុប្បន្នស្ត្រីនៅមានតែមានបញ្ហាប្រឈម និងជួបនូវឧបសគ្គមួយចំនួន ដូចជា ឥរិយាបថសង្គម នៅតែរើសអើងលើស្ដ្រី ការទទួលបានការសិក្សា អប់រំខ្ពស់នៅមានកំរិត បន្ទុកធ្ងន់ធ្ងរ លើការទទួលខុសត្រូវ ក្នុងគ្រួសារ កង្វះខាត ក្នុងការដាក់បេក្ខភាពស្ដ្រី នៅលំដាប់លេខរៀងខ្ពស់ ឬក្នុងការតម្លើងតួនាទី រួមទាំងទស្សនៈអវិជ្ជមានរបស់ស្ដ្រីខ្លួនឯង ដែលធ្វើឲ្យស្ដ្រី មិនហ៊ានឈរឈ្មោះបោះឆ្នោត ឬទទួលតួនាទីតាមការតែងតាំង ។

លោកស្រីបន្ដថា៖ នៅក្នុងជំនួបសំដែងការគួរសមនាពេលនេះគឺមានគោលបំណង ធ្វើការពិនិត្យលើវឌ្ឍនភាព ក្នុងការអនុវត្ដតួនាទី និងភារកិច្ច របស់ស្ដ្រីជាថ្នាក់ដឹកនាំ ការកំណត់បញ្ហាប្រឈម និងតម្រូវការថ្មីៗបន្ថែមទៀត ព្រមទាំងលើកអនុសាសន៍សម្រាប់ពង្រឹងការអនុវត្ដយុទ្ធសាស្រ្ដ និងវិធានការ ដើម្បីគាំទ្រដល់ស្រ្ដីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត   ។

សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជាសន្ទស្សន៍សមភាព យេនឌ័រ ក្នុងឆ្នាំ២០១៣បានបង្ហាញថាកម្ពុជាជាប់លំដាប់ចំណាត់ថ្នាក់ទី១៣៦ក្នុង ចំណោម១៨៣ប្រទេស លើវិសយ័សុខភាពបន្ដពូជ ការអប់រំការធ្វើសេចក្ដីសម្រេច និងការចូលរួមរបស់ស្ដ្រី ក្នុងទីផ្សារពលកម្ម ៕

image_1

image

image_3

ដោយ៖ សំរិត

111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print