ភ្នំពេញ, រាជរដ្ឋាភិបាលបានកំណត់ហើយ !
១- ចំពោះយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប
ដែលមានចង្កូតឆ្វេងនិង ពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្ត មួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះពុំមានន័យថា ម្ចាស់យានយន្តបានរួចផុតពីកាតព្វកិច្ចបង់ពន្ធនិងអាករនាំចូល យានយន្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាននោះឡើយ។
២- អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ និង ន.ប អំពីភិនភាគសម្គាល់យានយន្តនិងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បី –
ចាត់វិធានការបន្តខាងផ្នែកពន្ធនិងអាករនាំចូល។
៣-អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធត្រូវគាំទ្រកម្លាំងរបស់គយក្នុងការទប់ស្កាត់និងបង្ក្រាប ការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា។
៤- គ្រប់ក្រសួងនិងស្ថាប័នត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ(លើកលែងតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេសដូចជា រថយន្ត ពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងទម្រង់ណាមួយក្នុងការ “ទទួលស្គាល់“ រថយន្តចង្កូតស្តាំដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណី រកឃើញបុគ្គលដែលមានការពាក់ព័ន្ធខាងលើត្រង់ចំណុចនេះ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។
៥-អនុញ្ញាតឱ្យបង់ពន្ធនិងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេងដើម្បីឱ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះមានឱសានវាទតឹ្រម ដំណាច់ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាននឹងតម្រូវឱ្យដោះបំបែកជាគ្រឿងបន្លាស់ឬកម្ទេចចោល។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសម្តេច លោកមេត្តាជ្រាបនិងចាត់ចែងអនុវត្ត៕
ដោយ, សុខ ខេមរា