ភ្នំពេញ ៖ នាល្ងាចថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនថៅកែដេប៉ូខ្សាច់សិតត្បូ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន » ។
ជនជាប់ចោទដែលត្រូវឃុំខ្លួនឈ្មោះ លាង សុងលី ភេទប្រុស មានទីលំនៅផ្ទះលេខ ២៧ ផ្លូវលេខ ២០E ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ កម្លាំងនគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ លាង សុងលី គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ ២៥៩ អយង ចុះថ្ងៃទី ២៤សីហា ឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរលើបណ្ដឹងរបស់ឈ្មោះ តាំង ហ្គិចលៀង ដែលបានប្ដឹងពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធនិងករណីជំពាក់លុយកាក់ប្រមាណ៤០មុឺនដុល្លារ ហើយចេញសែកសងម្ចាស់បំណុលវិញ ប៉ុន្តែសែកនោះគ្មានលុយសោះ ទើបតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការ ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទឲ្យចៅក្រមចាត់ការតាមច្បាប់។ រហូតដល់ល្ងាចថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ លាង សុងលី ដាក់ពន្ធនាគារជាបណ្ដោះអាសន្នតាមការចោទប្រកាន់របស់តំណាងអយ្យការ៕ ដោយ រ៉ារ៉ា