អ្នកវិនិយោគចិនតៃវ៉ាន់ ម្នាក់ ប្តឹងលោកផ្កាយ៣ ស៊ុន ហួរ ពីបទឆបោកប្រាក់រាប់ម៉ឺនដុល្លារ តែត្រូវតុលាការតម្កល់រឿងទុកឥតចាត់ការ ឈានដល់ជនរងគ្រោះសុំអន្តរាគមន៍ទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ! 

ចែករំលែក៖

ភ្នំពេញ, លោក ជី កានយូ ជនជាតិតៃវ៉ាន់ នាយកក្រុមហ៊ុន ធីថាប់បែលយូ លី សុីន ថេកណូឡូជី បានប្តឹងលោកផ្កាយ៣ ស៊ុន ហួរ មានឋានៈជាទីប្រឹក្សាក្រសួងមហាផ្ទៃ ពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ចំពោះករណីទិញដី១កន្លែងស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ ៣ ក្រុង-ខេត្តព្រះសីហនុ មានតំលៃរាប់សិបមុឺនដុល្លារសហរដ្ឋអាមេរិក ។ ប៉ុន្តែបណ្តឹងនេះត្រូវបានតុលាការរាជធានីភ្នំពេញ តម្កល់រឿងទុកឥតចាត់ការ។ នេះបើយោងតាមអ្នកបកប្រែបានបញ្ជាក់ក្នុងថ្ងៃធ្វើសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

ដោយសារតែគាត់ប្រឹងស្វែងរកយុត្តិធម៌ពិតប្រាកដនោះ លោក ជី កានយូ ជនជាតិតៃវ៉ាន់ នាយកក្រុមហ៊ុន ធីថាប់បែលយូ លី សុីន ថេកណូឡូជី តាមរយៈអ្នកបកប្រែ លោកបានរៀបរាប់ថា, ដំបូងឡើយលោកបានជួបលោក ស៊ុន ហួរ ដែលធ្វើការនៅក្រសួងមហាផ្ទៃ ឋានៈផ្កាយ៣ ។ ក្រោយមកមានមិត្តភ័ក្ត្រលោក ស៊ុន ហួរ ម្នាក់បាននាំលោកទៅមើលដីមួយកន្លែង នៅក្រុង-ខេត្តព្រះសីហនុ ហើយក៏សម្រេចទិញនោះពីលោកផ្កាយ៣ ស៊ុន ហួរ ក្នុងទំហំប្រមាណ១ហិកតា តំលៃ ៣លាន ៣សែនដុល្លារ។

លោក ជី កានយូ បានបន្តថា, ក្រោយពីត្រូវតម្លៃគ្នាហើយ លោកក៏បានកក់ប្រាក់១០% ស្មើនឹងទឹកប្រាក់៣៣មុឺនដុល្លារទៅឲ្យលោក ស៊ុន ហួរ ហើយលោក ស៊ុន ហួរ ក៏បានបង្ហាញប្លង់ទីតាំងក្បាលដីទៅឲ្យលោក។ បន្ទាប់មកលោក ជី កានយូ ក៏បានយកក្រដាសនេះទៅអោយមេធាវី របស់លោក ដើម្បីធ្វើកិច្ចសន្យា ប៉ុន្តែអ្វីដែលប្លែកត្រង់ថា មេធាវីបានបញ្ជាក់ប្រាប់គាត់ថា, ដីនោះមិនមែនជាដីលោកផ្កាយ៣ ស៊ុន ហួរ នោះឡើយ។ ចំណុចនេះធ្វើឲ្យលោកភ័យខ្លាច ហើយសម្រេចប្រាប់គាត់ថា, មិនហ៊ានទិញដីនោះ។

តាមរយៈអ្នកបកប្រែលោក ជី កានយូ បានបន្តថា, លោក ស៊ុន ហួរ បានប្រាប់មកគាត់ថា, គាត់បានយកលុយហ្នឹងទៅដោះស្រាយរឿងដីនោះហើយ ហើយក៏គ្មានលុយអោយវិញដែរ គឺគាត់សន្យា១ឆ្នាំនឹងដោះស្រាយដីនោះបាន។ គាត់បានអះអាងម្តងហើយ ជាម្តងទៀត ថាគាត់ធ្វើការងារធំនៅក្រសួងមហាផៃ្ទ កុំអោយមានការបារម្ភអី ។

លោក ជី កានយូ បានបញ្ជាក់ថា, ក្រោយមកលោក ស៊ុន ហួរ បានឲ្យមេធាវីធ្វើកិច្ចសន្យា១ច្បាប់ ដោយគ្មានសង្ឃឹមថាយកប្រាក់មកវិញបាន ក៏បានបន្តធ្វើលិខិតកិច្ចសន្យាទិញ-លក់, បន្ទាប់មកគាត់ក៏ឲ្យលុយបន្ថែម១០%ទៀត មានន័យថា ទាំងអស់២០%ស្មើនឹង៦៦មុឺនដុល្លារ ។ លោក ជី កានយូ បានលើកឡើងថា, ក្នុងរយៈពេល១ឆ្នាំ លោក ស៊ុន ហួរ និងយកដីនោះបាន ហើយកាត់ឈ្មោះមកអោយគាត់ ។ លោកបន្តថា, ពួកយើងទិញ-លក់ឲ្យប្រាក់ធ្វើកិច្ចសន្យាតាំងពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២១ ក៏មិនទាន់អាចយកដីនោះមកអោយគាត់បាន ។

លោក ជី កានយូ បានបន្តថា, បន្ទាប់មកលោកក៏ប្តឹងលោក ស៊ុន ហួរ ទៅតុលាការ ប៉ុន្តែខាងតុលាការថាមិនអាចកាត់ក្តីបាន( តម្កល់រឿងទុកឥតចាត់ការ) ទើបលោកស្វែងរកការជួយអន្តរាគមន៍ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈមេធាវីរបស់លោកដើម្បីរៀបចំឯកសារដាក់ជូនលោករដ្ឋមន្ត្រី ដើម្បីសុំបានយុត្តិធម៌ ។

សូមបញ្ជាក់ថាទោះបីជា លោក ជី កានយូ បានប្ដឹងលោក ស៊ុន ហួរ ទៅតុលាការរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះ លោក សុិត វណ្ណ: ចេញលិខិតជូនដំណឹងមួយជូនមេធាវីតំណាងដោយអាណត្តិជម្រាបមកលោក ជី កានយូ ពាក់ព័ន្ធបណ្តឹងនោះ គឺតម្កល់រឿងទុកឥតចាត់ការ។

ក្នុងដំណើររឿងដ៏អយុត្តិធម៌១នេះ លោក ជី កានយូ ជនជាតិតៃវ៉ាន់ នាយកក្រុមហ៊ុន ធីថាប់បែលយូ លី សុីន ថេកណូឡូជី បានស្នើសុំអន្តរាគមន៍ពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌តាមរយៈមេធាវីរបស់លោកដើម្បីរៀបចំឯកសារគ្រប់ចំនួនដាក់ជូនលោករដ្ឋមន្ត្រីពិនិត្យដើម្បីសុំបានយុត្តិធម៌។

ក្រោយមកមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើនបានបង្ហោះរឿងនេះ អ្នកខ្លះសរសេរថា, អ្នកវិនិយោគចិនម្នាក់ ថាលោកធំលក់ដីខ្យល់ឲ្យលោកក្នុងតម្លៃជាង៣លានដុល្លារ គឺផ្កាយបីម្នាក់ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុន ហួរ ​ហើយលោក​បាន​ប្តឹងទៅ​តុលាការ តែត្រូវបាន​តុលាការ​សម្រេច​តម្កល់​រឿង​ទុក​មិន​ចាត់ការ ហើយពេលនេះមេធាវីរបស់គាត់​បាន​ប្តឹងទៅ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ដើម្បី​ជួយ​រក​យុត្តិធម៌ ។ ចាំមើលរឿងក្ដីនេះទៅជាយ៉ាងណា?

ដោយឡែក លោក ដួងតារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា, សុខទុក្ខអ្នកវិនិយោគគិនបរទេសគឺជាសុខទុក្ខប្រមុខដឹកនាំកម្ពុជា ! ល្មមដល់ពេលប្រកបអាជីវកម្មត្រឹមត្រូវហើយ !

លោក ដួង តារា បានលើកឡើងថា, កាលពីពេលថ្មីៗនេះ មានអ្នកវិនិយោគជនជាតិចិនម្នាក់បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីករណីវិវាទដីធ្លីដែលគាត់បានចំណាយប្រាក់ជិត៣លានដុល្លារ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់បានទទួលឯកសារកម្មសិទ្ធិដីនៅឡើយ។

ជនជាតិចិនម្នាក់នេះបានទិញដីពីមន្រ្តីម្នាក់ដែលអះអាងថាមានដីលក់ឲ្យគាត់ ដោយបាននាំគាត់ទៅបង្ហាញទីតាំងដីដែលធ្វើឲ្យគាត់ពេញចិត្តយ៉ាងខ្លាំង។ ដោយជំនឿទុកចិត្តលើមន្រ្តីនោះ អ្នកវិនិយោគចិនបានបង់ប្រាក់ជិត៣លានដុល្លារដល់មន្រ្តីនោះ ជាថ្លៃទិញលក់ដី (មានទាំងរូបថតទទួលប្រាក់ទាំងដុំៗទៀតផង)។

មន្រ្តីរូបនោះក្រោយពីបានទទួលលុយដ៏ច្រើនសន្ធឹកនេះហើយ គឺបានសន្យាថានឹងខិតខំរៀបចំផ្ទេរប័ណ្ណកម្មសិទ្ធិជូនអ្នកទិញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១នេះ គឺអ្នកទិញនៅរង់ចាំមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីនៅឡើយ។ តាមពិតទៅគាត់បានទិញដីនេះតាំងពីឆ្នាំ ២០១៩ មកម៉្លេះ។

ចំពោះមូលហេតុយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ… អាចថាមន្រ្តីជំនាញកំពុងធ្វើការ.. ឬមួយអត់មានដីលក់អោយគេ ឬបញ្ហាអ្វីផ្សេង។ ដោយសារមិនអាចទ្រាំរង់ចាំតទៅទៀតបាន ទើបគាត់សម្រេចចិត្តដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោមេត្តាជួយផ្តល់យុត្តិធម៌។ ពិតប្រាកដណាស់ សុខទុក្ខរបស់បងប្អូនអ្នកវិនិយោគបរទេស មិនថាចិនឬសាសន៍ណាឡើយ គឺជាសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោករដ្ឋលេខាធិការបន្តថា, ខ្ញុំផ្ទាល់ពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះករណីនេះ។ សូមបងប្អូនអ្នកវិនិយោគចិនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ខ្ញុំនឹងខិតខំរកដំណោះស្រាយជូនឲ្យអស់ពីកម្លាំងកាយចិត្តស្របទៅតាមច្បាប់នៃប្រទេស។

នៅពេលនេះ ខ្ញុំកំពុងពិនិត្យសំណើសុំនិងឯកសារដែលអ្នកវិនិយោគចិនបានដាក់គោរពជូនសម្តេច។ ជាជំហានដំបូងខ្ញុំបានឃើញមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ មានមេធាវីទាំងសងខាងប្រថាប់ត្រា ត្រឹមត្រូវ មានសាក្សីត្រឹមត្រូវ ហើយអ្នកលក់ក៏បានទទួលលុយត្រឹមត្រូវ (មានទាំងរូបថតបញ្ជាក់ពេលទទួលប្រាក់ទៀតផង)។

បើពិតដូចអ្នកទិញបានបញ្ជាក់ប្រាប់មែន ខ្ញុំឆ្ងល់ថា មានម៉ូយទិញដីដ៏ល្អបែបនេះ ហេតុអីក៏មិនចេះរកស៊ីឲ្យបានត្រឹមត្រូវក្នុងផ្លូវត្រជាក់? ចាំបាច់ធ្វើវិធីកាប់ដាវក្តៅៗអ៊ីចឹងធ្វើអ្វី? តើគិតថាអាចរួចពីសំណាញ់ច្បាប់បានយូរប៉ុណ្ណា? ជាយោបល់ខ្ញុំ បើមិនមានដីលក់អោយគេទេ គួរតែប្រគល់ប្រាក់អោយគេវិញទៅ (មិនបាច់គិតការប្រាក់ទេ) គឺខ្ញុំសន្យានឹងជួយសម្របសម្រួលបញ្ចប់ជូនឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។ រឿងនេះអាចនឹងពាក់ព័ន្ធករណីព្រហ្មទណ្ឌទៀតផង។ ខ្ញុំកំពុងឲ្យក្រុមការងារអ្នកច្បាប់សិក្សាឲ្យបានលម្អិតលើឯកសារគតិយុត្តិទាំងអស់។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

ពាក់ព័ន្ធករណីនេះ អង្គភាព”នគរដ្រេហ្គន”មិនអាចសុំការបំភ្លឺបានទេ ពីលោកផ្កាយ៣ ស៊ុន ហួរ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print