ខេត្តព្រះសីហនុ, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា,នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភជាថវិកា ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។
អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ គឺទទួលបានពីលោកឧកញ៉ា ឡាវ កាង និងលោកស្រី លោកឧកញ៉ា តុង ចំរើន, និងលោកឧកញ៉ា គុយ ណាត និងលោកស្រី។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា និងបងប្អូនសប្បុរសជន ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។
លោក អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា លោកឧកញ៉ា បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕
ដោយ, សិលា