ភ្នំពេញ៖ អនុវត្តតាមការណែនាំ ក៏ដូចជាបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបោស សម្អាត សាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមបេីកសាលាអោយសិស្សបានចូល រៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គេបានឃើញអាជ្ញាធរខណ្ឌជាច្រើនខណ្ឌនៅក្នុងមូលដ្ឋានរាជធានីបានដឹកនាំកម្លាំងចុះសម្អាត បរិស្ថាន ក្នុងសាលាជាមួយនឹងការបាញ់ថ្នាំ សម្លាប់មេរោគផងដែរ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០៤ កញ្ញានេះ អាជ្ញាធរខណ្ឌបឹងកេងកងដឹកនាំដោយ លោក ធឹម សំអាន ជាអភិបាលខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋសិស្សានុសិស្សព្រមទាំងលោកគ្រូអ្នកគ្រូ បានចូលរួមធ្វេីពលកម្មដេីម្បីសំអាតបរិវេណវិទ្យាល័យជា សុីមបឹងកេងកង ស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ដើម្បីទុកលទ្ធភាពឲ្យសិស្សបានចូលរៀនវិញប្រកបដោយផាសុកភាពនិងមិនព្រួយបារម្មណ៍ពីការឆ្លងជំងឺកូវីដ-១៩ ក្រោយពីទីតាំងសាលាត្រូវបានយកធ្វេីជាមណ្ឌលចត្តាឡីស័កឬជាទីតាំងសម្រាប់ចាក់វ៉ាកសាំងការពារកូវីដ-១៩ ក្នុងពេលកន្លងមក។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ឲ្យដឹងថា ការធ្វេីអនាម័យនៅពេលនេះធ្វើឡើង ក្រោយពីទទួលបានបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយត្រូវសម្អាតទីតាំងបរិវេណសាលាដេីម្បីត្រៀមបេីកឲ្យសិស្សបានចូលរៀនវិញ។ ការធ្វេីអនាម័យបរិស្ថាននៅពេលនេះមានការ ប្រេីប្រាស់ថ្នាំសម្រាប់បាញ់សម្លាប់មេរោគនៅតាមបន្ទប់ ព្រមទាំងការប្រមូលសំរាមនៅតាមទីធ្លានិងក្នុងថ្នាក់ដោយប្រេីគ្រឿងចក្រនិងមានការប្រេីដ្រូនសម្រាប់ហោះបាញ់ពីលេីអគារបន្ថែមទៀតផង។
លោកធឹម សំអាន បានបន្ដថា ការធ្វេីអនាម័យនៅពេលនេះគឺដេីម្បីប្រាកដថាទីតាំងសាលាទាំងមូលមានអនាម័យនិងមិនអោយសិស្សក៏ដូចជាអាណាព្យាបាលមានការព្រួយបារម្មណ៍នៅពេលត្រឡប់ចូលសិក្សាវិញ។ ការធ្វេីអនាម័យនៅពេលនេះនិងបន្តរហូតទៅតាមទីតាំងវិទ្យាល័យផ្សេងៗទៀតដេីម្បីសំអាតបរិស្ថាននិងអនាម័យសំរាប់ត្រៀមបេីកសាលាអោយសិស្សានុសិស្សបានចូលរៀនវិញនៅពេលខាងមុខនេះ។
ដោយឡែកនៅខណ្ឌច្បារអំពៅ គណ:បញ្ជាការឯកភាពខណ្ឌបានសហការជាមួយវិទ្យាល័យច្បារអំពៅបានធ្វេីការលាងសម្អាតរួចរាល់នៅរង់ចាំតែការបាញ់ថ្នាំសម្លាប់មេរោគនៅមុនការអនុញ្ញាតិអោយសិស្សានុសិស្សចូលរៀនវិញ។
ចំណែកខណ្ឌចំការមនលោក ថេង សុថុលបានអោយដឹងថា ក្នុងខណ្ឌចំការមនមិនមានវិទ្យាល័យណាដែលដាក់ធ្វេីជាមណ្ឌលចត្តាឡីស័កនោះទេ តែទោះបីជាយ៉ាងណាលោកថា ក្រោយពីទទួលការវាយតំឡៃពីអាជ្ញាធរក្រុងរួចថាអាចបេីកចូលរៀនវិញថ្ងៃណាលោកនិងធ្វេីការចុះសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគតែម្តង។
ការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញ នៅរាជធានីភ្នំពេញ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃ ដោយកំណត់បែងចែកភូមិសាស្ត្រជា៣ គឺភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩។ សម្រាប់ភូមិសាស្រ្ត ដែលអាចអនុញ្ញាត ឲ្យបើកដំណើរការ គ្រឹះ ស្ថានអប់រំឡើងវិញ គឺជាភូមិសាស្ត្រ ដែលមានហានិភ័យទាប និងភូមិសាស្ត្រ ដែលពុំមានការឆ្លងរាល ដាលជំងឺកូវីដ-១៩ រីឯភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ គឺមិនអនុញ្ញាតនោះឡើយ។
សូមបញ្ជាក់ថា ៖ នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួនជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួនជិត៥០០គ្រឹះស្ថាន។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួនដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ ក៏ណែ នាំអោយអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ៕ ដោយ សំរិត