ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់រងរបួសធ្ងន់ រីឯជនសង្ស័យម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ក្នុងការ៉ាសាំងមួយកន្លែង និងបានប្រតាយប្រតប់ចាក់គ្នា ទៅវិញទៅមកជាមួយសន្តិសុខ បង្កឲ្យមានការភ្ញាក់ផ្អើលឡេីងនៅវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺឈានចូលថ្ងៃ ទី៦ ខែកញ្ញា ឆ្នាំ២០២១ ចំនុចដេប៉ូប្រេងឥន្ធនៈ តេលា ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលស្លាប់ មានឈ្មោះ ថន រិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ រីឯជនរងគ្រោះជាសន្តិសុខមានឈ្មោះ មាស ម៉ុត ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ ជួយមេីលការខុសត្រូវក្នុងការ៉ាសាំង តេលា របស់ក្មួយត្រង់ចំណុចកេីតហេតុ និងមានស្រុកកំណើត ភូមិឫស្សីស្រុក ភូមិខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គឺជនសង្ស័យម្នាក់បានធ្វើសកម្មភាពផ្លោះចូលទៅក្នុងការ៉ាសាំង បំរុងលួចទ្រព្យសម្បត្តិ ឬសំភារៈផ្សេងៗ តែពេលចូលទៅដល់ ក៏ជួបនិងបុរសជាសន្តិសុខ ដែលយាមនៅទីនោះ ហើយក៍បានស្រែកឆោឡោថាចោរៗ និងប្រតាយប្រតប់គ្នា រហូតជនសង្ស័យបានដកកំបិតចាក់ទៅលេី បុរសជាសន្តិសុខ បណ្តាលឲ្យចំត្រង់ ករ ហូរឈាមជោគ ហេីយពេលនោះ បុរសជាសន្តិសុខ ក៏បានដណ្ដើមកាំបិត ហេីយបានចាក់ជនសង្ស័យ ត្រូវចំឆ្អឹងខ្នងផ្នែកខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់និងព្យយាមរត់ចេញពីកន្លែងកើតហេតុបានប្រហែល១០០ម៉ែត្រ ក៏បានដេកដួលស្លាប់នៅចញ្ចេីមផ្លូវមុខហាងលក់ កាហ្វេ យីហោ KOI តែម្ដងទៅ ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ចុះទៅកន្លែងកេីតហេតុ ដេីម្បីសាកសួរនាំដំណេីររឿង នូវព័ត៌មានលំអិតក្នុងករណីនេះ ព្រមទាំងធ្វើការហ៊ុំព័ទ្ធខ្សែ ដេីម្បីកោសល្យវិច្ឆ័យទៅលេីសព ព្រមទាំងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ ។ ដោយឡែកបុរសរងគ្រោះជាសន្តិសុខដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលរបួស រងចាំសមត្ថកិច្ចអនុវត្តន៍បន្តតាមនីតិវិធីពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ