ខេត្តបន្ទាយមានជ័យ÷លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទនារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយចំនួន នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ មុននឹងអនុញ្ញាតឲ្យបើកដំណើរការបង្រៀនឡើងវិញ ។
ក្នុងការអញ្ជើញចុះពិនិត្យសាលារៀនខាងលើនោះមានការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូអ្នកគ្រូ និងអាជ្ញាធរឃុំ។
បន្ទាប់ពីពិនិត្យសាលារៀនខាងលើលោកអភិបាលខេត្តនឹងបន្តទៅពិនិត្យស្ថានភាពសាលារៀនមួយចំនួនទៀតនៅថ្ងៃ ស្អែកនៅតាមបណ្តាក្រុង/ស្រុកផ្សេង ដើម្បីសម្រេចចំនួនជាក់លាក់ស្នើសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និងតាមអនឡាញនោះ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានណែនាំដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ត្រូវសម្អាត បរិស្ថាន អនាម័យឲ្យបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡីស័កជំងឺកូវីដ-១៩ ។
លោកអភិបាលខេត្តបានបន្តទៀតថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ៕ដោយ÷ វណ្ណា