ភ្នំពេញ៖ នារីវ័យ២០ឆ្នាំម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញបានមកឡើងលើស្ពានជ្រោយចង្វាបម្រុងលោតទឹកបញ្ចប់ជីវិតនៅវេលាម៉ោង៤រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ដោយទីតាំងកើតហេតុស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមការឲ្យដឹងពីនារីរូបនោះបានប្រាប់ថា ខ្លួននាងឈ្មោះ ពេជ្រ លីហ្សា អាយុ២០ឆ្នាំ មុខរបរជាអ្នកលក់ដូរ ចាប់ហួយ មានទីលំនៅនៅសង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយសារតែខ្លួននាងពិបាកចិត្តខ្លាំងពេក ព្រោះបច្ចុប្បន្ននាងទទួលរងនូវសម្ពាធគ្រប់បែបយ៉ាងទាំងពីគ្រួសារ ទាំងពីស្នេហា ព្រមទាំងរឿងផ្ទាល់ខ្លួនផង ទើបនាងសម្រេចចិត្តជិះឡំប្រឺតាឡើងលើស្ពានជ្រោយចង្វាដើម្បីមកលោតទឹកបញ្ចប់ជីវិត។ ប៉ុន្តែជាចៃដន្យត្រូវបានក្រុមអ្នកជិះកង់ហាត់ប្រាណប្រទះឃើញក៏នាំគ្នាស្រែកឲ្យគេជួយឃាត់ និងនាំនាងចុះមកខាងក្រោមស្ពានវិញ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើការលួងលោម នាំខ្លួននាងទៅអង្គភាពការពារគោលដៅ៣ដែលមានទីតាំងស្ថិតនៅក្រោមស្ពានជ្រោយចង្វាដើម្បីរង់ចាំគ្រួសារ មកទទួលយកត្រឡប់ទៅវិញ៕ ដោយ រ៉ារ៉ា