អាជ្ញាធរ​ខណ្ឌដូនពេញ​ រយៈពេល​ជិត​២​ខែចាប់​ប្រមូល​ជនអនាថា និង​អ្នក​ញៀនថ្នាំជាង៣០០នាក់​ យកធ្វើសំណាក និងធ្វើចត្តាឡីស័ក​

ចែករំលែក៖

ភ្នំពេញ៖ បើ​តាមការបញ្ជាក់ពី​អាជ្ញាធរ​ខណ្ឌដូនពេញ​ នៅថ្ងៃអង្គារ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះថា​ បាន​ចាប់​ប្រមូល​ជនអនាថា និង​អ្នក​ញៀន​ថ្នាំ​បាន​ចំនួន​៣៥០​នាក់ ក្នុង​នោះ​ស្ត្រី​១២៤​នាក់ និង​កូន​ក្មេង​ចំនួន​២២​នាក់​ផង​ដែរ ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​បំណង​កាត់​ផ្ដាច់​ការ​ចម្លង និង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ រយៈពេល​ជិត​២​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា​ ឆ្នាំ​២០២១​។

អាជ្ញាធរ​ខណ្ឌដូនពេញ បានឱ្យដឹងទៀត​​ថា ក្រោម​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ក្រុមការងារ​ចម្រុះ​របស់​ខណ្ឌដូនពេញ បាន​បើក​យុទ្ធនាការ​ចុះ​ប្រមូល​ក្រុម​ជនអនាថា ក្មេង​ញៀន​ថ្នាំ​យក​មក​ធ្វើ​សំណាក និង​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ ចាប់ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​០៧ ខែកញ្ញា ២០២១ ។

អាជ្ញាធរ​ខណ្ឌដូនពេញ​ បានគូសបញ្ជាក់ថា​ កម្លាំង​ប្រជា​ការពារ​បាន​ចុះ​ប្រមូល ក្រុម​ជនអនាថា បាន​សរុប​ចំនួន​៣៥០នាក់ ក្នុង​នោះ​ប្រុស​ចំនួន ២០៤នាក់ ស្រី​ចំនួន ១២៤ នាក់ និង​កូន​ក្មេង​ចំនួន​២២ នាក់។ សូមជម្រាបថា​​ ក្នុង​ចំណោម​ជនអនាថា និង​អ្នក​ញៀន​ថ្នាំ​ទាំង​៣៥០​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច សរុប​ចំនួន​២៨០ នាក់ ប្រុស​ចំនួន​១៥៧ នាក់​ស្រី​ចំនួន ១០២នាក់ ក្មេង​ចំនួន ២១​នាក់ ។

ដោយ​ឡែក​​ សម្រាប់​អ្នក​ដែល​នៅ​សល់​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល សរុប​ចំនួន ៧០នាក់ ប្រុស​ចំនួន​៤៧ នាក់​ស្រី​ចំនួន​១២ នាក់ ក្មេង​ចំនួន ០១នាក់។ រីឯអ្នក​ដែល​នៅ​សេសសល់ កម្លាំង​នឹង​បន្ត​ស្វែងរក​បន្ថែម​ទៀត​រហូត​ដល់​អស់​តែ​ម្ដង៕

...

ដោយ៖  អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print