ភ្នំពេញ, នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ពីករណីការឃាត់ខ្លួននាយអាវុធហត្ថ១រូបកសាងសំណុំរឿងទៅតុលាការ ជាគំរូសម្រាប់មន្ត្រីអនុវត្តច្បាប់ ។ លោកបានថ្លែងថា, កងរាជអាវុធហត្ថ សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាប អំពីការអនុវត្តច្បាប់ទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន ១រូប ដែលបានជេរប្រមាថ និងប្រើអំពើហិង្សាដោយចេតនា នាពេលកន្លងទៅ។ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បញ្ជាក់ថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ម្តាយបង្កើតរបស់លោកវរសេនីយ៍ត្រី ទួង ចាន់ មុខងារអនុប្រធានមន្ទីរភស្តុភារ នៃកងរាជអាវុធហត្ថខេត្តរតនគិរី បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសម្រាកព្យាបាលបឹងកន្សែង បន្ទាប់មកក្រុមគ្រូពេទ្យក៏បានដឹកសពទៅកន្លែងបូជា ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ នៅវត្តគិរីសោភ័ណ ហៅវត្តអូរភ្លង។ នៅកន្លែងបូជាសព លោកវរសេនីយ៍ត្រី ទួង ចាន់ បានបញ្ចេញអាកប្បកិរិយាច្រងេងច្រងាង ប្រើពាក្យសម្តីមិនសមរម្យ និងបានវាយលោកអាចារ្យភ្លុក ត្រូវមួយដៃ។ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ទួង ចាន់ បានបង្ហោះព័ត៌មានតាមគណនីហ្វេសប៊ុក ឈ្មោះ Chheang Sok ដោយសរសេរប្រមាថទៅលើឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ទៀតផង។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងស្តាប់ចម្លើយជនសង្ស័យ ឈ្មោះ ទួង ចាន់ ជានាយទាហាននៃកងរាជអាវុធហត្ថរតនគិរី បន្ទាប់មកបានស្នើសុំ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនបុគ្គលនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។
កងរាជអាវុធហត្ថ សូមគោរពជម្រាបជូនថា យោធិននៃកងរាជអាវុធហត្ថ ជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការអនុវត្តច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បើបុគ្គលណាមិនគោរព ឬប្រព្រឹត្តល្មើសច្បាប់ ត្រូវតែអនុវត្តតាមច្បាប់ ឬអនុវត្តទណ្ឌកម្មវិន័យ ដូចទិសស្លោកដែលបានដាក់ចេញ “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប៕
ដោយ,សិលា