ខេត្តកំពង់ចាម៖ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យមើលការអនុវត្តវិធានការរដ្ឋបាល ក្នុងការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរ ក្នុងផ្សារព្រែករំដេង និងផ្សារព្រែកពោធិ៍ ស្រុកស្រីសន្ធរ ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានឱ្យដឹងថា ក្នុងការអញ្ជើញចុះពិនិត្យដោយផ្ទាល់របស់ថ្នាក់ដឹកនាំខេត្តកំពង់ចាម អំពីស្ថានភាព នៃការអនុវត្តវិធានការរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នោះ បានសង្កេតឃើញថា គណ:អាជីវករ និងអាជីវករ បងប្អូនប្រជាពលរដ្ឋ បានចូលរួម អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងតាមវិធានការណ៍នានា និងវិធានការណ៍រដ្ឋបាល របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានដាក់ចេញកន្លងមក បានយ៉ាងល្អ ពិសេសអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ក្រើនរំលឹក ដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមឱ្យបន្ត អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់វិធានការរបស់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាសារអប់រំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរក្សាអោយបាននូវសុខមាលភាព ជៀសផុតពីជំងឺឆ្លងនានាជាពិសេស ជំងឺកូវីដ១៩ នេះ កុំឲ្យកើតមាននៅក្នុងសហគមន៍យយើង៕ដោយ៖សហការី
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម