ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្ដទទួលអំណោយពីសប្បុរសជនជាគ្រឿងឧបភោគ បរិភោគ និងសម្ភារទុកសម្រាប់ប្រើប្រាស់ដើម្បីឧបត្ថម្ភបន្ដជូនពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងជំងឺកូវីដ-១៩ ។
ដោយមើលឃើញពីភាពចាំបាច់របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃនេះក្រុមហ៊ុនឆ្នោតមហាសំណាង បានយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងសម្ភារមកប្រគល់ជូនដើម្បីទុកជួយឧបត្ថម្ភ បន្ដជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតជីវភាព និងសម្រាប់ចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ឆ្នោតមហាសំណាង ដែលបានឧបត្ថម្ភ អង្ករចំនួន២០តោន, ទឹកបរិសុទ្ធវីតាល់ចំនួន១០០កេស, មីជាតិចំនួន១០០កេសតូច, អាល់កុលចំនួន១៥០លីត្រនិងម៉ាស់ ចំនួន១២,៥០០ម៉ាស់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ (Covid-19)។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
លោកអភិបាលរងលើកឡើងថា៖ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕. សំរិត