មន្ត្រីយោធាម្នាក់ឈរហាលខោអាវសុខៗស្រាប់តែមានជនដៃដល់មកលបចាក់មួយដែកឆាបរងរបួសដេរ ១៨ថ្នេរ

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ទំនងប្រើប្រាស់គ្រឿងញៀនលេីសកម្រិត​ បានធ្វេីសកម្មភាពយកដែកឆាបចាក់ទៅលើបុរសម្នាក់ខណៈកំពុងឈរហាលខោអាវ បណ្ដាលឲ្យរងរបួសដេរ ១៨ថ្នេរ រួចជនសង្ស័យបានផ្លោះរបងចូលដីឡូត៍មួយកន្លែងគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីវេលាម៉ោងប្រមាណជា១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ផ្លូវលំ ភូមិដីថ្មីសង្កាត់ស្ទឹងមានជ័យ៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ជនសង្ស័យមានឈ្មោះ​ លឹម ឌាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ច្រឹក ផាត ភេទប្រុស អាយុ ៥២ ឆ្នាំមុខរបរមន្ត្រីយោធា ស្នាក់នៅកន្លែងកើតហេតុខាងលើ។

 តាមប្រភពពីបងប្អូនប្រជាពលរដ្ឋ និងបងប្រុសជនសង្ស័យរស់នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា កន្លងមកជនសង្ស័យខាងលើតែងតែប្រើប្រាស់ថ្នាំញៀន រហូតដល់បាត់បង់ស្មារតីមិនដឹងខុស​ មិនដឹងត្រូវ តែងតែប្រើអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិអ្នករស់នៅក្បែរខាង ជាពិសេសធ្វើបាបនិងប្រើហិង្សាទៅលើបងប្រុសបង្កើតខ្លួនឯងដែលជាជនពិការស្ទើររាល់ថ្ងៃ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងមានការភ័យខ្លាចគ្រប់ៗគ្នា។

 ប្រភពដដែលបានបន្តទៀតថា​ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែជនសង្ស័យបានដើរទៅធ្វើសកម្មភាពចាក់លើជនរងគ្រោះខណៈកំពុងឈរហាលខោអាវ បណ្ដាលឱ្យត្រូវមួយដែកឆាបក្រោមឆ្អឹងជំនីរខាងស្ដាំរងរបួសធ្ងន់​ បន្ទាប់មកជនរងគ្រោះបានទៅមន្ទីរពេទ្យឱ្យលោកគ្រូពេទ្យលាងរបួស និងដេររហូតដល់១៨ថ្នេរ​ ។ ចំណែកជនសង្ស័យបានផ្លោះរបងចូលដីឡូត៍មួយកន្លែងគេចខ្លួនបាត់។

​ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុក៏ដូចជាបងប្រុសជនសង្ស័យ សំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យចាប់ជនសង្ស័យយកទៅដាក់គុក ជៀសវាងថ្ងៃក្រោយមកបង្កហិង្សាដល់អ្នកដទៃ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print