ក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យអោយបានដិតដល់លើការស្ថាបនាផ្លូវជាតិ៥, លេខ២, លេខ២២ របស់ក្រុមហ៊ុនហាន់សុិញ !

ចែករំលែក៖

ភ្នំពេញ, កន្លងទៅក្រុមហ៊ុនហាន់សុិញ មានកំហុសធ្ងន់ធ្ងរបំផុតករណីស្ថាបនាផ្លូវជាតិលេខ២១ បេ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅកាន់ស្រុកកោះធំ ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីមានការ ស្រុត ប្រេះ ស្រាំ ឈានដល់លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ស៊ុន ចាន់ថុល ចាត់ទុកក្នុងបញ្ជីខ្មៅ និងឱ្យធ្វើការស្ថាបនាឡើងវិញ។

សូមបញ្ជាក់ថា តំណាងក្រុមហ៊ុន «ហាន់ សុិញ» លោក Tae- Youp Roh (Tim) ជា Chief Representative -Vietnam Office -Cambodia Branch ធ្លាប់ទទួលស្គាល់ពីកំហុសនេះ ដោយលោកបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុកថា «ករណីរឿងធ្វើផ្លូវឡើងវិញ កំណាត់ផ្លូវ២១បេ ដែលលោកទេសរដ្ឋមន្ត្រីចុះពិនិត្យផ្ទាល់នោះ ខាងក្រុមហ៊ុនលោកក៏បានប្តឹងរឿងនេះ ទៅកាន់តុលាការប្រទេសសិង្ហបុរី ខណៈអ្នកម៉ៅការបន្ត ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនលោក ដែលខុសស្តង់ដារបច្ចេកទេសនោះ»។ លោក Tae- Youp Roh (Tim) បន្តថា «ក្នុងរឿងនេះ ខ្ញុំបានចំណាយពេលវេលាយ៉ាងយូរ ជាមួយនឹងថវិកាលើផ្លូវច្បាប់នៅក្នុងរឿងក្តី ប្តឹងនៅប្រទេសសិង្ហបុរីនោះ»។
សូមជម្រាបថា, មកទល់នឹងបច្ចុប្បន្ន ទោះជាក្រុមហ៊ុនហាន់សុិញ មានកំហុសក៏ដោយ ក៏មានឱកាសចូលដេញថ្លៃយកគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តកំពង់ឆ្នាំងទៅដល់ចំណុចធ្លាម្អម ខេត្តពោធិ៍សាត់ , និងផ្លូវជាតិលេខ២, ផ្លូវជាតិលេខ២២ ដែលការស្ថាបនានេះមានការអីយឺតយ៉ាវ ផ្ដើមចេញពីកត្តាខ្វះគ្រឿងចក្រ សំអាងលើម៉ៅការបន្តទៅឱ្យក្រុមហ៊ុនតូចៗក្នុងស្រុក ហើយការដេញថ្លៃច្រើនតែទម្លាក់តម្លៃទាប។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា, (ខ្ញុំទទួលស្គាល់ចំពោះការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវជាតិលេខ៥កន្លងមក ហើយក៏មានខាងអង្គភាពសារព័ត៌មានជាច្រើនបានសួរនាំជុំវិញបញ្ហានេះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលមានការថ្នាំងថ្នាក់ គួរតែមានកត្តាយោគយល់ខ្លះផង ចំពោះការសាងសង់នេះ ដោយសារតែមានកត្តាខ្លះយឺតយ៉ាវ បណ្ដាលឱ្យពួកគាត់ពិបាកក្នុងការចូលផ្ទះក៏ដូចជាការរកស៊ីជាដើម»។ លោកបន្តថា «ការស្ថាបនាដែលមិនបានលឿន ក៏ខាងក្រុមហ៊ុនអនុវត្តតាមផែនការ នៃកិច្ចសន្យារវាងក្រុមហ៊ុនជាមួយនឹងក្រសួងសាធារណការផងដែរ ទោះជាយ៉ាងណា គឺមិនត្រូវឱ្យដំណើរការមិនស្របតាមកិច្ចសន្យាដែលក្រសួងបានកំណត់»)។
លោកបានបន្តថា, ដោយសារតែការយឺតយ៉ាវនិងខ្វះគ្រឿងចក្រ លោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានធ្វើការស្ដីបន្ទោសនិងចេញលិខិតជាលាយលក្ខណ៍អក្សរផងដែរ។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងតែកម្មង់ទិញគ្រឿងចក្រពីបរទេស ហើយស្របពេលសម័យកូវីដ-១៩នេះគ្រឿងចក្រក៏មិនអាចនាំចូលបាន គឺកំពុងតែជាប់គាំងនៅប្រទេសវៀតណាម។ ដូច្នេះខាងក្រសួងបានបង្ខំឲ្យក្រុមហ៊ុនធ្វើយ៉ាងណាឈូសឆាយត្រាស់សេផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាបន្ទាប់បន្សំសិន។
មន្ត្រីខ្លះបានលើកឡើងថា, បើក្រុមហ៊ុនហាន់សុិញ ស្ថាបនាភ្លឺយឺតយ៉ាវ និងខ្វះគ្រឿងចក្រ ខាងក្រសួងមានសិទ្ធិក្នុងការដកហូត ចំពោះគម្រោងស្ថាបនាផ្លូវជាតិនោះឡើងវិញ ហើយអាចជ្រើសរើសក្រុមហ៊ុនក្នុងស្រុកដែលមានលទ្ធភាព ដើម្បីស្ថាបនាឱ្យបានទាន់ពេលវេលា ទៅតាមគម្រោងកិច្ចសន្យារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន តាមផែនការរបស់រាជរដ្ឋាភិបាល និងឆាប់បានផ្ដល់នូវសមិទ្ធផលជូនដល់ជនរួមជាតិ មិនត្រូវទុកឱកាសឲ្យក្រុមហ៊ុនហាន់សុីញធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត រហូតដល់ការស្ថាបនាផ្លូវជាតិទាំងនោះអាក់រអួល បង្កជាជង្ហុក ក៏ដូចជាធ្វើការស្ថាបនាខកខានជាប់ជាប្រចាំនោះឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print