ខ្សែប្រយុទ្ធ Martin Braithwaite របស់ក្រុម Barcelona នឹងត្រូវវះកាត់ជង្គង់។ កីឡាករអន្តរជាតិដាណឺម៉ាកវ័យ៣០ឆ្នាំរូបនេះបានរងរបួសជង្គង់ខាងឆ្វេងរបស់ខ្លួនក្នុងជ័យជម្នះ ២-១ លើក្រុម Getafe កាលពីថ្ងៃទី២៩ ខែសីហា។
សារព័ត៌មាន BBC Sport បានផ្សាយថា ក្លិប Barcelona បាននិយាយថារបួសមិនបានឆ្លើយតបទៅនឹងការព្យាបាលបែបអភិរក្សទេ ហើយគាត់នឹងត្រូវវះកាត់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ កត្តានេះបានបន្ថែមបញ្ហាដល់ក្លិបក្នុងការដាក់កីឡាករចំណូលថ្មី Sergio Aguero មិនទាន់បានបង្ហាញខ្លួនលើកដំបូងបន្ទាប់ពីរបួសកំភួនជើង។ Aguero វ័យ៣៣ឆ្នាំមិនត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញរហូតដល់ខែតុលា។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ansu Fati វ័យ១៨ឆ្នាំក៏មិនទាន់បានបង្ហាញទម្រង់លេងឲ្យក្រុម Barcelona នៅរដូវកាលនេះដែរ ខណៈដែលរូបគេបន្តជាសះស្បើយពីការវះកាត់ជង្គង់។Braithwaite អតីតខ្សែប្រយុទ្ធក្លិប Middlesbrough បានចាប់ផ្តើមការប្រកួត La Liga នៅរដូវកាលនេះនិងរកបាន២គ្រាប់ក្នុងជ័យជម្នះបើកឆាករបស់ក្រុមខ្លួនទល់នឹង Real Sociedad ។សូមបញ្ជាក់ថា ក្រុម Barcelona នឹងត្រូវជួបក្រុម Bayern Munich នៅថ្ងៃអង្គារនេះនៅកីឡដ្ឋាន Nou Camp ក្នុងការប្រកួតបើកឆាកជម្រុះតាមពូល Champions League របស់ពួកគេនៅរដូវកាលនេះ ៕ (រូបភាព ៖ BBC Sport) ដោយ៖ភារៈ