ភ្នំពេញ៖ ដើម្បីស្តារមុខមាត់ឡើងវិញបន្ទាប់ពីត្រូវកីឡាករសេក គឹមភាព ក្លិបអង្គរមានជ័យ ខេត្តសៀមរាបវាយឲ្យសន្លប់ក្នុងទឹកទី៣មក កីឡាករ គឹម វាសនា បានប្រកួតសងសឹកជាមួយកីឡាករ សេក គឹមភាពម្តងទៀត ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមនៅរសៀលថ្ងៃសៅរិ៍ ទី២ ខែមេសាឆ្នាំ២០១៦ លើសង្វៀនប្រដាល់អាស៊ីអាគ្នេយ៍។
កីឡាករ គឹម វាសនា មានស្នៀតប្រដាល់ល្អ ក្លាហាន ពូកែប្រើល្បិចវាយបកទៅលើដៃគូហេតុដូច្នេះហើយ បានជាកំណត់ត្រាប្រកួតចុងក្រោយរូបគេបាន វាយឈ្នះ កីឡាករ គង់ វិចិត្រ មកពីក្លិបកងពលតូចលេខ៧០ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ ។ រីឯកីឡាករសេក គឹមភាពប្រកួតចុងក្រោយវាយចាញ់ កីឡាករ វ៉ាន់ ចាន់វ៉េត មកពីក្លិបគីសែមានប្ញទ្ធិក្នុងទឹកទី៣។
ជាមួយគ្នានោះដែរ កីឡាករសំអាង ឌុន មកពីក្លិបអេភូថងត្រូវជួបប្រកួតជាមួយកីឡាករ សូយ ចិន្តា មកពីក្លិបពោធិ៍ជ័យកីឡា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ សម្រាប់ជំនួបប្រកួតរវាង សំអាង ឌុន នឹងសូយ ចិន្តា នេះ ត្រូវបានទស្សនិកជនមើលឃើញថា សូយ ចិន្តា អាចនឹងថមថយកម្លាំង នៅក្នុងចន្លោះទឹកទី៤-៥ ខណៈសំអាង ឌុនមានស៊ុហ្វ ល្អអាចវាយពេញ៥ទឹកដោយមិនបារម្ភ។
កីឡាករ សេក គឹមសៀង មកពីក្លិបអង្គរមានជ័យត្រូវប្រកួតជាមួយកីឡាករ ថន ភឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ចំណែកកីឡាករ ហេង ប៊ុនថា មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបងត្រូវប៉ះជាមួយកីឡាករ លីន វិបុល មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធិ។ ដោយឡែកកីឡាករ លឹម តក់ មកពីក្លិបគុហាព្រហ្មជ័យត្រូវ ប្រកួតជាមួយកីឡាករសារឿន តាន់ មកពីក្លិបតាព្រហ្មមានជ័យ៕
ដោយ៖ សារីម