នៅថ្ងៃទី១៤ ខែកញ្ញា ឧបការីទទួលបន្ទុកកិច្ចការបរមាណូរបស់ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក បានជួបពិភាក្សាត្រីភាគីនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនោះបានផ្តោតទៅលើការខិតខំដើម្បី តភ្ជាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់ភាពតានតឹងរវាងអាមេរិកនិឹងកូរ៉េខាងជើង ។
ជំនួបពិភាក្សារវាងឧបការីនៃប្រទេសទាំងបីគឺ លោក Takehiro Funakoshi មកពីប្រទេសជប៉ុន លោក Noh Kyu-duk មកពីកូរ៉េខាងត្បូង និងលោក Sung Kim មកពីអាមេរិក ។ កិច្ចពិភាក្សាគ្នាធ្វើឡើងក្រោយពេលដែល កូរ៉េខាងជើងប្រកាសសាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយកាលពីចុងសប្តាហ៍កន្លងមក។
លោក Sung Kim ឧបការីអាមេរិក បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងឱ្យវិលត្រឡប់មកចូលរួមកិច្ចពិភាក្សាគ្នាជាថ្មីឡើងវិញ ដោយកិច្ចពិភាក្សាគឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក Sung Kim បានបញ្ជាក់ថា «ដូចដែលខ្ញុំធ្លាប់បានលើកឡើងជាច្រើនលើកកន្លងមកថា អាមេរិកមិនមានបំណងប្រឈមមុខជាមួយកូរ៉េខាងជើងឡើយ។ អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូងនឹងទទួលបានការឆ្លើយតបវិជ្ជមានពីកូរ៉េខាងជើង ដោយមិនមានលក្ខខណ្ឌណាមួយនោះទេ»។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នៅថ្ងៃទី១៤ខែកញ្ញា រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានអញ្ជើញទៅកាន់កូរ៉េខាងត្បូងដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលោក Chung Eui-yong ស្តីពីបញ្ហាកូរ៉េខាងជើង៕ ធី រីណា
បេសកជន Takehiro Funakoshi (កណ្តាល) ប្រទេសជប៉ុន Noh Kyu-duk (ស្តាំ) កូរ៉េខាងត្បូងនិង Sung Kim នៃសហរដ្ឋអាមេរិកក្នុងកិច្ចចរចាត្រីភាគីនៅទីក្រុងតូក្យូប្រទេសជប៉ុនថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ ។ រូបថត៖ AFP/TTXN