ខេត្តកំពត៖ ទីតាំងបញ្ចុះសព ដែលមានតាំងពីបរមបុរាណ រាប់សិបឆ្នាំមកហើយ ស្ថិតនៅជើងភ្នំត្នោត ក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត កំពុងរងនូវការបំផ្លាញ ដោយការជីកកាយយកដីលក់ពីក្រុមឈ្មួញ និងប្រជាពលរដ្ឋខ្លះទៀតនៅទីនោះ ក្រោមការអនុញ្ញាតពីអាជ្ញាធរភូមិ បណ្តាលឲ្យប៉ះពាល់ទៅដល់ទីតាំងបញ្ចុះសព ក៏ដូចជាជីកកាយយកអាចម៍ដី បំផ្លាញបិទផ្លូវសាធារណៈ ចេញ ចូលរបស់ប្រជាពលរដ្ឋ ដែលមានពីមុនៗមក ។
ប្រជាពលរដ្ឋ ដែលមានបងប្អូនសាច់ញាតិ កុងម៉ា ជីដូន ជីតា បញ្ចុះនៅទីនោះ បានខឹងសម្បាយ៉ាងខ្លាំងទៅនឹងភាព ព្រងើយកន្តើយរបស់អាជ្ញាធរ មិនបានហាមឃាត់ និងមានវិធានការរក្សា ការពារទៅលើទីតាំងដីកម្មសិទ្ធិរបស់រដ្ឋ ក៏ដូចជាទីតាំងបញ្ចុះសពសម្រាប់ជាទីសក្ការបូជា គោរព ប្រណិប័តន៍ពីសាច់ញាតិរបស់សព ។
គេបានរាយការណ៍មកថា មានអ្នកភូមិឈ្មោះ ម៉ូវ យិន ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ឈឹង ធី អាយុ៥២ឆ្នាំ មានផ្ទះក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ហើយដាក់អសយដ្ឋានរស់នៅក្នុងភូមិពោធិ៍ ឃុំភ្នំកុង បានឲ្យគេកាយយកអាចម៍ដី រំលោភបំពានយកផ្លូវសាធារណៈ យកដីរបស់រដ្ឋ និងមានភាពគឃ្លើនឲ្យគ្រឿងចក្រ កាយជីកយកដី នៅតាមព្រំប្រទល់ របងដី ទីតាំងបញ្ចុះសពរបស់អ្នកដទៃ បណ្តាលឲ្យបិទផ្លូវ និងប្រឈមទៅនឹង ដួលរបង ក៏ដូចជាប៉ះពាល់ទៅនឹងទីតាំង បញ្ចុះសពរបស់អ្នកដទៃ ។
ក្រៅពីឈ្មោះខាងលើនេះ ត្រូវបានគេរាយការណ៍មកថា មានឈ្មោះ គ្រឹះ ហេង ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ យឹម ពឹម អាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ក៏បានកាយដី ប៉ះពាល់ទៅនឹងទីតាំងបញ្ចុះសពរបស់អ្នកដទៃដល់របង កាត់ផ្តាច់ផ្លូវសាធារណៈ ចូលទៅកាន់ទីតាំងបញ្ចុះសព ដែលមានជម្រៅយ៉ាងតិចចាប់ពី៣ម៉ែត្រ ទៅ៥ម៉ែត្រ និងមានទំហំដ៏ធំ ។
ពាក់ព័ន្ធករណីនេះ លោក ណៅ ម៉ៃ មេភូមិផ្តៅ ដែលត្រូវជាប្អូនបង្កើតរបស់អ្នកជីកកាយយកអាចម៍ដី ឈ្មោះ ម៉ូវ យិន បានប្រាប់នគរវត្តតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ថា ដីនៅជើងភ្នំ ហើយគេកំពុងជីកកាយយកដីលក់ គឺជាកម្មសិទ្ធិរបស់អ្នកជីក ដោយមានច្បាប់ត្រឹមត្រូវរហូតដល់ភូមិបាលស្រុក ដូច្នេះ ករណីជីកកាយយកដីអាចម៍ដី គេធ្វើតែកន្លែងដីកម្មសិទ្ធិរបស់ពួកគេ និងត្រឹមៗរបងកន្លែងបញ្ចុះសពតែប៉ុណ្ណោះ ។
លោកមេភូមិបន្តថា អ្នកជីកកាយដី ក៏ទុកឱកាសឲ្យ អ្នកដែលបានបញ្ចុះសពនៅទីនោះ បើចង់បានផ្លូវចូល ត្រូវមកចរចាចុះ ម្ចាស់ដីគេនឹងបើកចរចា ។
ដោយឡែកលោក អ៊ុក ធឿន មេឃុំភ្នំកុង បានប្រាប់នគរវត្តតាមទូរស័ព្ទនាព្រឹកថ្ងៃ ខែ ឆ្នាំ ដដែលនេះផងដែរថា បើដី នៅជិតផ្លូវចូលវត្តជើងភ្នំត្នោត ជាដីកម្មសិទ្ធិរបស់រដ្ឋ កន្លងទៅមានអ្នកជីកកាយយកអាចម៍ដី ក្លាយទៅជារឿងឈ្លោះប្រកែកគ្នា ប៉ុន្តែ ក្រោយមក ខាងឃុំ ក៏បានហៅមកដោះស្រាយពិភាក្សាគ្នាចប់សព្វគ្រប់ហើយ ។ លោកមេឃុំបន្តថា ចំពោះមានឈ្មោះ អ្នកទាំងពីរខាងលើកាយយកអាចម៍ដីទៀតនោះ លោកពុំទាន់ដឹងនៅឡើយទេ ។
អំពើប្រព្រឹត្ត កាយយកអាចម៍ដីរបស់រដ្ឋ ក៏ដូចជាប៉ះពាល់ទៅនឹងទីបញ្ចុះសព សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌដែលត្រូវបានផ្តន្ទាទោស ដូច្នេះអាជ្ញាធរមូលដ្ឋាន គួរតែពិនិត្យ និងបញ្ជាក់ឲ្យបានច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីដីរបស់រដ្ឋ ផ្លូវចេញ ចូល និងសិទ្ធិគ្រប់គ្រងទៅលើទីតាំងបញ្ចុះសព ដែលសម្រាប់ជាទីសក្ការបូជារបស់សាច់ញាតិ ជនដែលបានទទួលមរណភាព ។
ក្រុមគ្រួសារសាច់ញាតិ ដែលបានបញ្ចុះសពនៅទីនោះ សម្តែងនូវការខឹងសម្បា បន្ទាប់ពីឃើញរូបភាពជាក់ស្តែង ដោយក្រុមឈ្មួញ និងអាជ្ញាធរឲ្យជីកកាយលុបបំបាត់ផ្លូវសាធារណៈ និងប៉ះពាល់ដល់កន្លែងបញ្ចុះសាកសព គ្រាដែលពួកគាត់ទៅពូនផ្នោឆេងម៉េង ។
នគរវត្តមិនអាចទាក់ទងបានទេពីអាជ្ញាធរស្រុក ក៏ដូចជាភូមិបាលស្រុកថា តើដីជើងភ្នំត្នោត ត្រូវបានគ្រប់គ្រងដោយឯកជនមានច្បាប់ទម្លាប់ត្រឹមត្រូវ ឬស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋ? ដោយគ្មានលេខទូរស័ព្ទ ៕
សុខ ខេមរា