សាច់ញាតិម្ចាស់ទីតាំង​បញ្ចុះសព​ជើងភ្នំត្នោតខឹងសម្បាយ៉ាងខ្លាំងទៅលើមេភូមិ និងឈ្មួញ​កាយដីប៉ះពាល់កន្លែងបញ្ចុះសព

ចែករំលែក៖

ខេត្តកំពត៖ ទីតាំងបញ្ចុះសព​ ដែលមានតាំងពីបរមបុរាណ រាប់សិបឆ្នាំមកហើយ ស្ថិតនៅជើងភ្នំ​ត្នោត ក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត កំពុងរងនូវការបំផ្លាញ​ ដោយការជីកកាយយកដីលក់ពីក្រុមឈ្មួញ និងប្រជាពលរដ្ឋ​ខ្លះទៀតនៅទីនោះ ក្រោមការអនុញ្ញាតពីអាជ្ញាធរភូមិ បណ្តាលឲ្យប៉ះពាល់ទៅដល់ទីតាំងបញ្ចុះសព ក៏ដូចជាជីកកាយ​យកអាចម៍ដី បំផ្លាញបិទផ្លូវសាធារណៈ ចេញ ចូលរបស់ប្រជាពលរដ្ឋ ដែលមានពីមុនៗមក ។

ប្រជាពលរដ្ឋ ដែលមានបងប្អូនសាច់ញាតិ កុងម៉ា ជីដូន ជីតា បញ្ចុះនៅទីនោះ បានខឹងសម្បាយ៉ាងខ្លាំងទៅនឹងភាព ព្រងើយកន្តើយរបស់អាជ្ញាធរ មិនបានហាមឃាត់ និងមានវិធានការរក្សា ការពារទៅលើទីតាំងដីកម្មសិទ្ធិរបស់រដ្ឋ ក៏​ដូច​ជាទីតាំងបញ្ចុះសពសម្រាប់ជាទីសក្ការបូជា គោរព ប្រណិប័តន៍ពីសាច់ញាតិរបស់សព ។

គេបានរាយការណ៍មកថា មានអ្នកភូមិឈ្មោះ ម៉ូវ យិន ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ ឈឹង ធី អាយុ៥២ឆ្នាំ មានផ្ទះក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ហើយដាក់អសយដ្ឋានរស់នៅក្នុងភូមិពោធិ៍ ឃុំភ្នំកុង បានឲ្យគេកាយយកអាចម៍ដី រំលោភបំពានយកផ្លូវសាធារណៈ យកដីរបស់រដ្ឋ និងមានភាពគឃ្លើនឲ្យគ្រឿងចក្រ កាយជីកយកដី នៅតាមព្រំប្រទល់ របងដី ទីតាំងបញ្ចុះសពរបស់អ្នកដទៃ បណ្តាលឲ្យបិទផ្លូវ និងប្រឈមទៅនឹង ដួលរបង ក៏ដូចជាប៉ះពាល់ទៅនឹងទីតាំង បញ្ចុះសពរបស់អ្នកដទៃ ។

ក្រៅពីឈ្មោះខាងលើនេះ ត្រូវបានគេរាយការណ៍មកថា មានឈ្មោះ គ្រឹះ ហេង ភេទប្រុស អាយុ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ យឹម ពឹម អាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ក៏បានកាយដី ប៉ះពាល់ទៅនឹង​ទីតាំងបញ្ចុះសពរបស់អ្នកដទៃដល់របង កាត់ផ្តាច់ផ្លូវសាធារណៈ ចូលទៅកាន់ទីតាំងបញ្ចុះសព ដែល​មានជម្រៅយ៉ាងតិចចាប់ពី៣ម៉ែត្រ ទៅ៥ម៉ែត្រ និងមានទំហំដ៏ធំ ។

ពាក់ព័ន្ធករណីនេះ លោក ណៅ ម៉ៃ មេភូមិផ្តៅ ដែលត្រូវជាប្អូនបង្កើតរបស់អ្នកជីកកាយយកអាចម៍ដី ឈ្មោះ ម៉ូវ យិន បានប្រាប់នគរវត្ត​តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ថា ដីនៅជើងភ្នំ ហើយគេកំពុងជីកកាយយកដី​លក់ គឺជាកម្មសិទ្ធិរបស់អ្នកជីក ដោយមានច្បាប់ត្រឹមត្រូវរហូតដល់ភូមិបាលស្រុក ដូច្នេះ ករណី​ជីកកាយយកដីអាចម៍​ដី គេធ្វើតែកន្លែងដីកម្មសិទ្ធិរបស់ពួកគេ និងត្រឹមៗរបងកន្លែងបញ្ចុះសពតែប៉ុណ្ណោះ ។

លោកមេភូមិបន្តថា អ្នកជីកកាយដី ក៏ទុកឱកាសឲ្យ អ្នកដែលបានបញ្ចុះសពនៅទីនោះ បើចង់បានផ្លូវចូល​ ត្រូវមកចរចា​ចុះ ម្ចាស់ដីគេនឹងបើកចរចា ។

ដោយឡែកលោក អ៊ុក ធឿន មេឃុំភ្នំកុង បានប្រាប់នគរវត្តតាមទូរស័ព្ទនាព្រឹកថ្ងៃ ខែ ឆ្នាំ ដដែលនេះផងដែរថា បើដី នៅជិតផ្លូវចូលវត្តជើងភ្នំត្នោត ជាដីកម្មសិទ្ធិរបស់រដ្ឋ កន្លងទៅ​មានអ្នកជីកកាយយកអាចម៍ដី ក្លាយទៅជារឿងឈ្លោះ​ប្រកែកគ្នា ប៉ុន្តែ ក្រោយមក ខាងឃុំ ក៏បាន​ហៅមកដោះស្រាយពិភាក្សាគ្នាចប់សព្វគ្រប់ហើយ ។ លោកមេឃុំបន្តថា ចំពោះមានឈ្មោះ អ្នកទាំងពីរខាងលើកាយយកអាចម៍ដីទៀតនោះ លោកពុំទាន់ដឹងនៅឡើយទេ ។

អំពើ​ប្រព្រឹត្ត កាយយកអាចម៍ដីរបស់រដ្ឋ ក៏ដូចជា​ប៉ះពាល់ទៅនឹងទីបញ្ចុះសព សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ​ដែល​ត្រូវ​បានផ្តន្ទាទោស ដូច្នេះអាជ្ញាធរមូលដ្ឋាន គួរតែពិនិត្យ និងបញ្ជាក់ឲ្យបានច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពី​ដីរបស់រដ្ឋ ផ្លូវចេញ ចូល និង​សិទ្ធិគ្រប់គ្រងទៅលើទីតាំងបញ្ចុះសព ដែល​សម្រាប់ជាទីសក្ការបូជារបស់សាច់ញាតិ ជន​ដែលបានទទួលមរណភាព ។

ក្រុមគ្រួសារសាច់ញាតិ ដែលបានបញ្ចុះសពនៅទីនោះ សម្តែងនូវការខឹងសម្បា បន្ទាប់ពីឃើញរូបភាពជាក់ស្តែង ដោយ​ក្រុមឈ្មួញ និងអាជ្ញាធរឲ្យជីកកាយលុបបំបាត់ផ្លូវសាធារណៈ និងប៉ះពាល់ដល់កន្លែងបញ្ចុះសាកសព គ្រា​ដែល​ពួកគាត់ទៅពូនផ្នោឆេងម៉េង ។

នគរវត្តមិនអាចទាក់ទងបានទេពីអាជ្ញាធរស្រុក ក៏ដូចជាភូមិបាលស្រុកថា តើដី​ជើងភ្នំ​ត្នោត ត្រូវបានគ្រប់គ្រងដោយ​ឯក​ជនមានច្បាប់ទម្លាប់ត្រឹមត្រូវ ឬស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋ? ដោយគ្មានលេខទូរស័ព្ទ ៕​

 

image

20160330041644 (4)

20160330041644 (3)

20160330041644 (2)

20160330041644 (1)

20160330041644

20160330041610

សុខ ខេមរា

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print