អន្តរជាតិ៖ ដោយសារតែវិបត្តិកូវីដ-១៩ បានវាយលុកខ្លាំងនៅប្រទេសថៃ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមរថយន្តតាក់ស៊ីជាប់គាំងមិនបានរត់ដឹកភ្ញៀវ ហេីយរថយន្តរាប់ពាន់គ្រឿងត្រូវបានចតទុកចោលឥតប្រយោជន៍ ទេីបពួកគេនាំគ្នាដាំដំណាំផ្សេងៗរួមមាន៖ប៉េងប៉ោះ,ត្រសក់ និងសណ្តែកគួនៅលើដំបូលឡានតែម្តង។ មិនតែប៉ុណ្ណោះក្រុមអ្នករត់តាក់ស៊ីទាំងអស់ កំពុងផ្តល់អត្ថន័យថ្មីដល់ពាក្យថា៖ “សួនលើដំបូល” ដើម្បីធ្វើជាកន្លែងដាំបន្លែតូចៗ។
ជាក់ស្ដែងបេីតាមបុគ្គលិកមកពីសហករណ៍តាក់ស៊ីចំនួន២នាក់ បាននាំគ្នាដំឡើងសួនច្បារខ្នាតតូចនៅសប្តាហ៍នេះ ដោយប្រើថង់សំរាមប្លាស្ទិកពណ៌ខ្មៅសន្ធឹងលើគ្រោងឫស្សី។ ជាលទ្ធផលនៃការដាំបន្លែនេះ មើលទៅដូចជាការដំឡើងវត្ថុសិល្បៈទាក់ទាញភ្នែកជាជាងចំណតឡាន ហើយចំណុចផ្តោតសំខាន់គឺទាក់ទាញចំណាប់អារម្មណ៍អំពីស្ថានភាពលំបាករបស់អ្នកបើកបរតាក់ស៊ី និងប្រតិបត្តិករដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិធានការបិទខ្ទប់ប្រទេសមួយនេះ ព្រោះតែវិបត្តិជំងឺកូវីដ-១៩។
ជុំវិញបញ្ហានេះដែរ បើយោងតាមលោក ថាផាកន អាសសាវ៉ាឡឺតគុល អាយុ ៥៤ ឆ្នាំ ជានាយកប្រតិបត្តិសហករណ៍ បានឱ្យដឹងថា៖
សហករណ៍តាក់ស៊ីឈ្មោះ Ratchapruk និង Bovorn Taxi ឥឡូវនេះមានរថយន្តតែ ៥០០គ្រឿងប៉ុណ្ណោះនៅដំណើរការលើដងផ្លូវក្នុងទីក្រុងបាងកក។ ចំណែករថយន្តចំនួន ២.៥០០គ្រឿងទៀតទុកចោលនៅតាមទីតាំងនានាក្នុងក្រុងបាងកក។
នាយកប្រតិបត្តិសហករណ៍រូបនេះ បានបន្ថែមទៀតថា ខណៈវិថីនានាមានភាពស្ងាត់ជ្រងំរហូតមកទល់ពេលថ្មីៗនេះ វាមានការប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីដណ្តើមម៉ូយដែលមានតិចតួចបំផុតជាហេតុធ្វើឱ្យប្រាក់ចំណូលរបស់អ្នកបើកបរតាក់ស៊ីធ្លាក់ចុះ។
លោកថាផាកន បាននិយាយបន្ថែមទៀតថា បច្ចុប្បន្ននេះមនុស្សភាគច្រើនមិនអាចមានលទ្ធភាពបង់ថ្លៃជួលឡានតាក់ស៊ីប្រចាំថ្ងៃបានទេ សូម្បីតែការគិតថ្លៃឥឡូវបានថយចុះមកត្រឹម ៣០០បាត (៩,០៩ ដុល្លារ) ក៏ដោយ។ ដូច្នេះពួកគេបានដើរចេញដោយទុកឡានចោលបែបនេះ។ បន្ថែមពីនេះលោក សង្កត់ធ្ងន់ថា អ្នកបើកបរខ្លះ បានប្រគល់រថយន្ដមកក្រុមហ៊ុនវិញ ហើយត្រឡប់ទៅស្រុកកំណើតឯជនបទរបស់ពួកគេ ខណៈដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើងលើកដំបូងកាលពីឆ្នាំមុន ព្រោះតែពួកគេភ័យខ្លាចខ្លាំងពេកក្នុងការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។ ជាពិសេសអំឡុងពេលរលកទីពីរនៃជំងឺកូវីដ-១៩ វាយលុកម្ដងទៀតធ្វើឱ្យអ្នកបើកបរច្រើនឡើងបានចុះចាញ់ហើយប្រគល់រថយន្តមកវិញ៕ដោយ៖ស តារា