ក្រុមរថយន្ត​​តាក់ស៊ី​នៅ​ប្រទេសថៃ​ នាំគ្នា​ដាំ​ដំណាំ​នៅ​លើ​ដំបូលឡាន​ ខណៈ​ចតទុកចោល​ឥតប្រយោជន៍​ ព្រោះតែវិបត្តិកូវីដ-១៩​

ចែករំលែក៖

អន្តរជាតិ​៖ ដោយសារតែ​វិបត្តិកូ​វីដ​-១៩ បា​នវាយលុកខ្លាំងនៅប្រទេសថៃ​ ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុមរថយន្ត​​តាក់ស៊ី​ជាប់គាំងមិនបានរត់ដឹកភ្ញៀវ​ ហេីយ​រថយន្ត​រាប់ពាន់គ្រឿងត្រូវបានចតទុកចោល​ឥតប្រយោជន៍​​ ទេីប​ពួកគេ​នាំគ្នា​​ដាំ​ដំណាំ​ផ្សេងៗ​រួម​មាន៖​ប៉េងប៉ោះ,​​​ត្រសក់​ ​និង​សណ្តែកគួ​នៅ​លើ​ដំបូលឡាន​តែម្តង​។ មិនតែប៉ុណ្ណោះ​ក្រុមអ្នករត់​តាក់ស៊ី​ទាំងអស់​​ កំពុង​ផ្តល់​អត្ថន័យ​ថ្មី​ដល់​ពាក្យ​ថា៖ “​សួន​លើដំបូល​”​ ដើម្បី​ធ្វើជា​កន្លែង​ដាំ​បន្លែ​តូចៗ​។​

​ជាក់ស្ដែង​បេី​តាមបុគ្គលិក​មក​ពី​សហករណ៍​តាក់ស៊ី​ចំនួន​២នាក់​ បាននាំគ្នា​ដំឡើង​សួនច្បារ​ខ្នាតតូច​នៅ​សប្តាហ៍​នេះ​ ​ដោយ​ប្រើ​ថង់​សំរាម​ប្លា​ស្ទិក​ពណ៌​ខ្មៅ​សន្ធឹង​លើ​គ្រោង​ឫស្សី​។​ ជាលទ្ធផល​នៃ​ការ​ដាំ​បន្លែ​នេះ​ មើលទៅ​ដូចជា​ការដំឡើង​វត្ថុ​សិល្បៈ​ទាក់ទាញ​ភ្នែក​ជាជាង​ចំណត​ឡាន​ ហើយ​ចំណុច​ផ្តោត​សំខាន់​គឺ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អំពី​ស្ថានភាព​លំបាក​របស់​អ្នកបើកប​រតាក់​​ស៊ី​ និង​ប្រតិបត្តិ​ករ​ដែល​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិធានការ​បិទ​ខ្ទប់​ប្រទេស​មួយ​នេះ​ ព្រោះ​តែ​វិបត្តិ​ជំងឺ​កូវីដ​-១៩។

ជុំវិញបញ្ហានេះដែរ​ បើ​យោង​តាម​លោក ថា​ផា​កន អាស​សាវ៉ា​ឡឺត​គុល អាយុ ៥៤ ឆ្នាំ​ ជានាយក​ប្រតិបត្តិ​សហករណ៍​ បា​នឱ្យដឹងថា​៖
​សហករណ៍​តាក់ស៊ី​ឈ្មោះ Ratchapruk និង Bovorn Taxi ឥឡូវ​នេះ​មាន​រថយន្ត​តែ ៥០០គ្រឿង​ប៉ុណ្ណោះ​នៅ​ដំណើរកា​រលើ​ដងផ្លូវ​ក្នុង​ទីក្រុង​បាងកក។ ចំណែក​រថយន្ត​ចំនួន​ ២.៥០០​គ្រឿង​ទៀត​​ទុក​ចោល​នៅ​តាម​ទីតាំង​នានា​ក្នុង​ក្រុង​បាងកក​។

នាយក​ប្រតិបត្តិ​សហករណ៍​រូប​នេះ​ បានបន្ថែមទៀតថា​ ខណៈ​វិថី​នានា​មាន​ភាពស្ងាត់ជ្រងំ​រហូត​មកទល់​ពេល​ថ្មីៗ​នេះ វា​មាន​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ដើម្បី​ដណ្តើម​ម៉ូយ​ដែល​មាន​តិចតួច​បំផុត​ជា​ហេតុ​ធ្វើឱ្យ​ប្រាក់ចំណូល​របស់​អ្នកបើកបរ​តាក់ស៊ី​​ធ្លាក់ចុះ​។

លោក​ថា​ផា​កន​ បា​ន​និយាយបន្ថែម​ទៀតថា បច្ចុប្បន្ន​នេះ​មនុស្ស​ភាគច្រើន​មិន​អាចមាន​លទ្ធភាព​បង់ថ្លៃ​ជួល​ឡាន​តាក់ស៊ី​ប្រចាំថ្ងៃ​បានទេ សូម្បី​តែ​ការគិតថ្លៃ​ឥឡូវ​បាន​ថយ​ចុះ​មក​ត្រឹម ៣០០បាត (៩,០៩ ដុល្លារ​) ក៏ដោយ​។ ដូច្នេះ​ពួកគេ​បាន​ដើរចេញ​ដោយ​ទុក​ឡាន​ចោល​បែបនេះ​។​ បន្ថែមពីនេះ​លោក​ សង្កត់​ធ្ងន់​ថា​ ​អ្នកបើកបរ​ខ្លះ​ បានប្រគល់​រថយន្ដ​មកក្រុមហ៊ុន​​វិញ​ ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​ឯជនបទ​របស់​ពួក​គេ​ ខណៈ​​ដែល​ជំងឺ​រាតត្បាត​កូវីដ​-១៩​បាន​ផ្ទុះ​ឡើង​លើកដំបូង​កាលពី​ឆ្នាំមុន​ ព្រោះ​តែ​ពួកគេ​ភ័យខ្លាច​ខ្លាំងពេកក្នុងការឆ្លងជំងឺដ៏កាចសាហាវមួយនេះ​។​ ជាពិសេស​អំឡុង​ពេល​រលក​ទី​ពីរ​នៃ​ជំងឺ​កូវីដ​-១៩​ វាយលុក​ម្ដង​ទៀត​ធ្វើ​ឱ្យ​អ្នកបើកបរ​ច្រើនឡើង​បាន​ចុះ​ចាញ់ហើយ​ប្រគល់​រថយន្ត​មក​វិញ​​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print