អន្តរជាតិ៖ បើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា នៅថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៥៥៥ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន ១៧៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៣,៧៦៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧៩០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ១៣,៦៩១នាក់ផ្សេងទៀត ក្រោយជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញផងដែរ។
គួរបញ្ជាក់ថា ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៤៤៨,៧៩២ករណី ក្នុងនោះមានអ្នកស្លាប់ ១៥,១២៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៣០៤,៤៦៦នាក់ គិតរហូតមកទល់ពេលនេះ។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅប្រទេសថៃ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សរុបបាន៤១.៦លានដូស ក្នុងនោះប្រជាជន ១៣.៣លាននាក់ (១៩%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ស តារា