ភ្នំពេញ ៖ បុរសម្នាក់ជាតៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនGCM បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្តព្រុសបណ្ដាលរងការខូចខាតផ្នែកខាងក្រោយមួយចំហៀង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវណ័តប្រ៊ីដ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តព្រុសមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2BC 6174 បើកបរដោយបុរសម្នាក់រួមដំណើរដោយគ្រួសារដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុដោយស្ថានភាពផ្លូវមានការកកស្ទះ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងរបស់ក្រុមហ៊ុនGCM ពណ៌ខៀវលាយសរ ពាក់ស្លាកលេខភ្នំពេញ5A 3038 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយបានគៀរថយន្តព្រុសបណ្ដាលរងការខូចខាតផ្នែកខាងក្រោយ ចំហៀងខាងឆ្វេងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងតំណាងរបស់ក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ង់ត៍ GCM យល់ព្រមយករថយន្តព្រុសទៅជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ ដោយ និន សុភ័ស្ត