ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ-១៩ និងការបើកអោយដំណើរ ការសាលារៀនឡើងវិញ នៅមណ្ឌលសុខភាពភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ។
នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀន ដោយគ្មានការភ័យខ្លាច ព្រោះ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់យុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ក្រោម១៨ឆ្នាំ ហើយពេលនេះ បន្តចាក់វ៉ាក់សាំងដល់កុមារ ចន្លោះក្នុងរង្វង់ពី៦ឆ្នាំ ទៅ១២ឆ្នាំ ដែលតម្រូវសម្រាប់សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុងត្រៀមសម្រាប់កុមារនៅមត្តេយ្យសិក្សាក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ៦ឆ្នាំវិញ ដែលនេះចាត់ទុកជាជំហានបន្ទាប់មួយទៀត។
លោកអភិបាលខេត្ត បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩។
បន្ថែមពីនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍ សប្បាយរីក រាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះ ស្វែងរកវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ មកចាក់អោយពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។
សូមបញ្ជាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ តទៅ ដោយពេលព្រឹកចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ម៉ោង ១១៖០០ នាទី ហើយពេលរសៀលចាប់ពីម៉ោង ២៖០០ នាទីរសៀល ដល់ម៉ោង ៥៖០០ នាទីល្ងាច នៅទីតាំងមណ្ឌុលសុខភាពឃុំ/សង្កាត់ទាំង៦៥៕ដោយ៖សហការី
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ