ភ្នំពេញ, បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា ៖ បច្ចុប្បន្ន កម្ពុជា បាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឲ្យភ្លៀងនៅតែបន្តមានក្នុងកម្រិតពីតិចទៅមធ្យម ។
ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយប្រពន្ធ័សម្ពាធទាបចាប់កើតសារជាថ្មី ភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្ម ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង នឹងអូសកាត់បញ្ឆិតព្រះរាជាណាចក្រកម្ពុជាផ្នែកខាងជើង ដែលអាចនឹងធ្វើឲ្យមានភ្លៀងធា្លក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។ ទន្ទឹមនឹងនេះ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១នឹងអាចមានវិសម្ពាធមួយកើតឡើងនៅសមុទ្រចិនខាងត្បូង នឹងអាចបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី ១៥ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ ដោយធ្វើដំណើរឆ្ពោះមកប្រទេសវៀតណាម ដែលនឹងអាចមានឥទ្ធិពលគួរឲ្យកត់សំគាល់ នៅតំបន់ភាគឦសានរបស់កម្ពុជា ។
យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖
១- តំបន់វាលទំនាប ៖ ផ្ទៃមេឃមានពពកច្រើន មានភ័ព្ទ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ។
២- តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ៖ ផ្ទៃមេឃអាប់អួរមានពពកច្រើន ភ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅច្រើន នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ (ស្រុកវាលវែង) ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ដែលអាចនឹងបង្កទៅជាជំនន់ ។
៣- តំបន់មាត់សមុទ្រ ៖ ផ្ទៃមេឃអាប់អួរមានពពកច្រើន ភ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំងលាយឡំជាមួយខ្យល់កន្រ្តាក់មានល្បឿនមធ្យម ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តកោះកុង ពិសេសផ្លូវជាតិលេខ ៤ អាចគំរាមកំហែងដោយជំនន់ទឹកភ្លៀង ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមានកម្ពស់មធ្យម ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន នឹងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕
ដោយ, សុខ ខេមរា