ខេត្តបន្ទាយមានជ័យ, នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តអនុវត្ត វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា(Delta) ក្នុង ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រយៈពេល១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ។
រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេច:
ប្រការ១…ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលមានថិរវេលាអនុវត្តរយៈពេល១(មួយ)សប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta)។
ប្រការ២…ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រទូទាំងខេត្ត ចាប់ពីម៉ោង២១ (ម្ភៃមួយ)យប់ ដល់ម៉ោង៣ (បី) ព្រឹក ជាកំហិត លើកលែងតែចំពោះហេតុការណ៍ ដូចខាងក្រោម៖
– ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
– ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ
– ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
– សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន,ឱសថស្ថាន,សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត.សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍.ទីតាំងផលិតគ្រឿងឧបភោគ បរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឲ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩,ទីតាំងផលិត និងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត,ស្ថានីយ៍ប្រេង ឥន្ធនៈ-ហ្គាស,សេវាសណ្ឋាគារ និងផ្ទះសំណាក់,ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត
– រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស,សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែល ត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត
– ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រការពារ .…បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ខាងលើ នឹងត្រូវទទួល ទោសដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ប្រការ៤…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៥ …នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត គ្រប់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សិលា