ភ្នំពេញ, នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បែបហួសចិត្តនឹងមន្ត្រីគ្រាប់ល្ពៅ ធ្វើបាបប្រជាពលរដ្ឋ ទើបបង្ហោះសារលើផេកផ្លូវការយ៉ាងដូច្នេះថា, តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនឲ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?
សម្តេចតេជោ ហ៊ុនសែន បានថ្លែងលើកឡើងថា, យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេគឺសម្រាប់ជាចំណីអាហារ។ សម្តេចបន្តថា, ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។
សម្តេចតេជោបានលើកឡើងថា, ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីឲ្យប្រជាជនបានដឹងជាទូទៅ។
សម្តេចបន្តថា, ខ្ញុំហួសចិត្ត និងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ។
ក្នុងករណី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាន Comment ចូលផេកសម្ដចដោយជម្រាបគោរពជូនសម្តេចថា, ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំ សូមអនុញ្ញាតគោរពជម្រាបជូនសម្តេចតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុង គោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំ មានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាព សត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធ ទៅការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការ សម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការ នេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោ បានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ ខ្ពង់បំផុតពីខ្ញុំបាទ។
ដោយឡែកលោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅរសៀលនេះបានថ្លែងយ៉ាងដូច្នេះថា, ករណីសាច់ពពែ១ក្បាល គឺគឺជារឿងពិតដ៏តូចមួយមិនគួរឲ្យ សម្តេចតេជោ លោកឈឺក្បាលសោះឡេីយ។ ប៉ុន្តែប្រជាពលរដ្ឋលោកយល់ច្បាស់ណាស់អំពីសេចក្តីស្រឡាញ់ និងព្រហ្មវិហារធម៌ ដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោចំពោះពលរដ្ឋ ។ ពិតណាស់រាល់បញ្ហាវិវាទអយុត្តិធម៌ទាំងឡាយឲ្យតែបានដល់ដៃសម្តេចហេីយគឺនឹងទទួលបានយុត្តិធម៌ជាមិនខាន។
លោករដ្ឋលេខាធិការបន្តថា, ដេីម្បីកុំឲ្យសម្តេចលោកឈឺក្បាល (ព្រោះលោកមានការងារប្រទេសជាតិធំៗជាច្រេីនដែលត្រូវដោះស្រាយ) គឺមានតែយេីងរួមគ្នាខិតខំដោះស្រាយបញ្ហាទាំងអស់គ្នាដោយភាពស្មោះត្រង់ឈរលេីគុណធម៌ មេត្តាធម៌ដែលបម្រេីផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ, សុខ ខេមរា