ភ្នំពេញ ៖ ស្រ្តីម្នាក់មកលោតទឹកសម្លាប់ខ្លួននៅលើស្ពាន មិត្តភាពកម្ពុជា-ជប៉ុន ដោយសារ តូចចិត្តរឿងកូនមិនស្តាប់បង្គាប់ តែត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា នាំចុះមកខាងក្រោមប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពាន មិត្តភាព កម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់បានដើរនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន រួចធ្វើសកម្មភាពឡើងលើបង្កាន់ដៃស្ពាន គោលបំណងបម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពានជួយឃាត់ទាន់ពេលវេលា ។
ស្ត្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យរូបគាត់ឈានដល់ដំណាក់កាល មកលោតទឹកនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ គឺផ្តើមពីមូលហេតុដែល កូនរបស់គាត់លែងស្តាប់ការប្រៀនប្រដៅរបស់គាត់ ដែលធ្វើឲ្យគាត់មានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលប្រជាពលរដ្ឋជួយឃាត់ស្រ្តីរងគ្រោះនោះរួច ក៏នាំចុះមកត្រង់ចំណុចគល់ស្ពានត្រើយខាងលិច ដើម្បីប្រគល់ឲ្យសមត្ថកិច្ច ធ្វើការណែនាំ និងទំនាក់ទំនងទៅសាច់ញាតិ ដើម្បីមកទទួលស្ត្រីរងគ្រោះទៅផ្ទះវិញ៕ ដោយ ÷ រ៉ា រ៉ា