ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិតបានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន និងឃាត់ខ្លួនបានជនសង្ស័យ២នាក់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៦ នៅផ្ទះជួលបន្ទប់លេខ២ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។
សមត្ថកិច្ចនគរបាលបានប្រាប់ថា ជនសង្ស័យមានឈ្មោះចិន វង្សសា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងឈ្មោះ សេក សុធារី ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានថ្នាំញៀនក្រាមពណ៌ស៩កញ្ចប់តូច និងរបស់របរប្រើប្រាស់មួយចំនួនទៀត ។
ប្រភពបន្តថា ដោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ទើបកំលាំងបានស្រាវជ្រាវនៅផ្ទះជួលបន្ទប់លេខ២ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានម្ចាស់ឈ្មោះ សេក ឡងឌីភេទប្រុស អាយុ៣៧ ឆ្នាំ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានតែម្ដង ។
ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចាត់ការតាម ច្បាប់ ៕
ដោយ៖ យឹម សុថាន