ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងបុរសពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តពេទ្យមួយគ្រឿងបានជ្រុលទៅបុកជាមួយរថយន្តហាយឡេនឌ័របណ្តាលឲ្យរថយន្តហាយឡេន
ឌ័រវិលមួយជុំបោកផ្ទប់ទៅនឹងបង្គោលភ្លើងធ្វើអំពីថ្មពេញទំហឹង កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចភ្លើងស្តុបវត្តអង្គតាមិញ មុខស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្ដោយផ្លូវលេខ២០០៤ កែងនិឹងផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកស្លាប់គឺជាអ្នកបើកបររថយន្តហាយឡេនឌ័រមានឈ្មោះ រឿង សារ៉ាយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគួកជេដី មានស្រុកកំណើតនៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកអ្នករងរបួសធ្ងន់គឺជាអ្នកបើកបររថយន្តពេទ្យនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡេនឌ័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2X-4505ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចភ្លើងស្តុបបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តរបស់មន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញពណ៌សគ្មានស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ក្នុងទិសដៅពីលិចទៅកើត ដោយមានបំពាក់ភ្លើងសញ្ញាសុំផ្លូវត្រឹមត្រូវ បានជ្រុលចង្កូតទៅបុក បញ្ឆិតគូទរថយន្តហាយឡេនឌ័រផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្តហាយឡេនឌ័រ វិលមួយជុំទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្មនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើកបររថយន្តហាយឡេនឌ័រគាបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ប៉ុន្តែអកុសលជនរងគ្រោះរបួសធ្ងន់ខ្លាំងពេកបានស្លាប់បាត់បង់ជីវិតត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ ចំណែកអ្នកបើកបររថយន្តពេទ្យនិងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ