ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាកម្លាំងសមត្ថកិច្ចមួយក្រុមបានឡោមព័ទ្ធរថយន្តមួយគ្រឿងរួចហៅម្ចាស់ឲ្យបើកទ្វារតែមិនស្តាប់ក៏វាយបំបែកកញ្ចក់តែម្តង។
កម្លាំងខាងលើនេះត្រូវបានគេដឹងថាជាសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញដែល បានចុះឡោមព័ទ្ធ និងវាយកំទេចកញ្ចក់រថយន្តឡិចស៊ីស GS 300 មួយគ្រឿង ដោយសង្ស័យថា មានលាក់ទុកអាវុធរបស់ក្រុមជនជាតិចិនមួយក្ក្រុជាបក្សពួកជនចាប់ជំរិត ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្នុងបរិវេណអគារកោះពេជ្រ ជិតនឹងសាលាខណ្ឌចំការមន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថានៅក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតយករថយន្តមួយគ្រឿង ខាងម៉ាកឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH 9058 ។
នៅកន្លែងកើតហេតុបើតាមសមត្ថកិច្ចបានលួចបង្ហើបឲ្យក្រុមការងារសារព័ត៌មាន ដឹងថា មុននឹងសមត្ថកិច្ចធ្វើការឡោមព័ទ្ធ និងឆែកឆេរក្នុងរថយន្តឡិចស៊ីស GS300 ខាងលើនេះ គឺពួកគាត់ជាកម្លាំងការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានទទួលដំណឹងប្តឹងពីបងប្អូនប្រជាពលរដ្ឋ រួមទាំងកាមេរ៉ាសុវត្ថិភាពមកជាមួយថា មានក្រុមជនសង្ស័យជាជនជាតិចិនមួយក្រុម បានបើករថយន្តទៅគោះទ្វារផ្ទះ របស់ប្រជាពលរដ្ឋ ដែលជាអ្នកមានស្តុកស្ដម្ភចំនួន២ទៅ៣ផ្ទះ នៅខណ្ឌជ្រោយចង្វារ ហើយពួកក្រុមទាំងនោះគឺមានអាវុធជាប់ខ្លួនទៀតផង ដោយមានការសង្ស័យជាក្រុមបក្សពួកចាប់ជំរិត ទើបសមត្ថកិច្ចស្រាវជ្រាវនិងកំណត់នៅមុខសញ្ញា។
ខណៈនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ក៏បានតាមប្រមាញ់ធ្វើការស្រាវជ្រាវតាមស្លាកលេខរថយន្ដដូចបានបង្ហាញតាមកាមេរ៉ាសុវត្ថិភាព រហូតប្រទះឃើញក្រុមទាំងនោះ បានបើករថយន្តយកមកចតទុកនៅបរិវេណកោះពេជ្រ ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនឹងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការវាយកំទេចកញ្ចក់រថយន្តឡិចស៊ីស GS300 ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យ តែជាលទ្ធផលអត់មានរកឃើញវត្ថុតាំងអ្វីនោះទេ ហើយក្រុមជនសង្ស័យទាំងនោះ ក៏រត់គេចខ្លួនបាត់អស់ដែរ ។
យោងតាមប្រភពព័ត៌មានខាងលើក្រោយពេលកើតហេតុ នៅមិនទាន់មានតំរុយអ្វីផ្សេងពីក្រុមជនសង្ស័យនោះទេ សមត្ថកិច្ចក៏បានយករថយន្ដឡិចស៊ីស GS 300 នេះ ទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវជាបន្តទៀត។
គេសង្ឃឹមថាករណីខាងលើនេះសមត្ថកិច្ចនិងស្រាវជ្រាវវែកមុខរកជនសង្ស័យយកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់ច្បាស់ជាមិនខាន៕
ដោយ៖ អរុណរះ