ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះការច្នៃម៉ូតឈុតបុរាណថ្មីសម្រាប់ការប្រកួត និងថតបង្ហាញដោយសិល្បករប្រុសស្រីល្បីឈ្មោះបានធ្វើឲ្យមហាជនមានការពេញចិត្តច្រើនពិសេសក្រោយពីយុវជនជំនាន់ក្រោយជាច្រើនបានបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីបង្កើតឈុតថ្មី។ ជាក់ស្តែងព្រោះតែស្រលាញ់សិល្បៈវប្បធម៌ខ្មែរអ្នកជំនាញផាត់មុខធ្វើសក់ម្នាក់គឺលោក នាក់ និវត្តន៍ ហៅ ខួច Make Upបានធ្វើឲ្យទស្សនិកជនចាប់ភ្លឹកមិនតិចនោះទេក្រោយពីលោកបានរំលេចឈុតបុរាណច្នៃពណ៌ក្រហមដិតបង្ហាញជូនទស្សនិកជនបើទោះបីជាត្រូវចំនាយប្រាក់ផ្ទាល់ខ្លួនក្តី។
ឈុតនេះបានឆ្លុះបញ្ចាំងអំពីគំនិតច្នៃប្រឌិតបង្កើតថ្មីឈរលើមូលដ្ឋានគ្រឹះសិល្បៈវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុក និងជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរនោះ។ឈុតនេះត្រូវបានច្នៃក្រោយពីការប្រមូល និងបញ្ជាទិញសម្ភារៈគ្រឿងអលង្ការខ្មែរមួយចំនួនដើម្បីរៀបំចេញជាឈុតថ្មីនេះឡើង និងត្រូវបានគ្រងដោយកញ្ញា ហេង ស្រីកា។ នេះបើយោងតាមការបញ្ជាក់របស់លោក នាក់ និវត្តន៍ ហៅ ខួច Make Up ។ លោកបានបន្តទៀតថា លោកគឺជាអតីតគ្រូរបាំបុរាណ និងរបាំប្រជាប្រិយក្នុងសមាគមន៍មួយនាខេត្តកោះកុង ហើយគំនិតនៃការស្រលាញ់ចូលចិត្តថែរក្សាលើកតំកើងសិល្បៈវប្បធម៌ខ្មែរបានដក់ជាប់ក្នុងចិត្តរបស់លោកជាយូមកហើយ ដែរ ទើបតែពេលនេះលោកមានឱកាសបង្ហាញការច្នៃឈុតនេះឡើងដើម្បីជាការចែករំលែកបទពិសោធន៍ស្នាដៃនេះឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង ពិសេសទៅលើទម្រង់មកុដ របស់សិល្បខ្មែរ និងបញ្ចៀសការយល់ខុសថាជារបស់ប្រទេសជិតខាងនោះ។ ទោះជាយ៉ាងណាលោកយល់ថានេះគឺជាការចូលរួមចំណែកតូចមួយសម្រាប់ការងារដែលលោកស្រលាញ់បន្ថែមពីការងារដែលលោកមានស្រាប់គឺជាអ្នកតុបតែងមុខនិងធ្វើសក់សម្រាប់អតិថិជន និងសិល្បករប្រុសស្រីល្បីឈ្មោះនោះ។ អ្នកជំនាញវ័យ២៤ឆ្នាំរូបនេះលើកឡើងដែរថាលោកនៅតែបន្តចិញ្ចឹមចិត្តបង្កើតឈុតច្នៃថ្មីបន្ថែមទៀតសម្រាប់ការចែករំលែកទៅតាមលទ្ធភាពដែលអាចធ្វើបាន ហើយលោករំពឹងថាអ្នកជំនាញដែលមានទឹកដីប៉ិនប្រសប់ប្រកបដោយគំនិតច្នៃប្រឌិតនឹងបង្កើតស្នាដៃថ្មីសម្រាប់កូនខ្មែរបានស្គាល់ និងបន្តផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកថែមទៀតផង៕