វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមភស្តុភារកម្មកម្ពុជា ដើម្បីពង្រឹងគុណភាពអប់រំដល់សិស្ស-និស្សិត និងសិក្ខាកាមរបស់វិទ្យាស្ថាន

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនតំណាង ដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ០២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសមាគមភស្តុភារកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងសមាគមភស្តុភារកម្មកម្ពុជា សមាជិក សមាជិកាក្រុមប្រឹក្សា នាយកនៃសមាគមភស្តុភារកម្មកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង​ នៅទីស្តីការក្រសួង។

ការចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃ ភាពជាដៃគូរវាងវិទ្យាស្ថាន និងសមាគមឱ្យមានប្រសិទ្ធភាព និងពង្រឹងគុណភាពនៃការអប់រំបណ្ដុះ បណ្ដាលធនធានមនុស្សលើវិស័យដឹកជញ្ជូន និងភស្តុភាកម្ម ក៏ដូចជារួមគ្នាបង្កើតកម្មវិធីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីវិស័យភស្តុភាកម្ម ឱកាសការងារ សក្កានុពល និង សារសំខាន់នៃវិស័យនេះដល់សាធារណៈជន សិស្ស-និស្សិត ព្រមទាំងសកម្មភាពផ្សេងៗ ដែលផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

ថ្លែងក្នុងមតិស្វាគមន៍ទៅកាន់អង្គពិធីនាឱកាសនោះ លោក ហឿន សំនៀង នាយកវិទ្យាស្ថាន និងជាតំណាងភាគីហត្ថលេខីនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីគោលបំណងរបស់វិទ្យាស្ថានក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងមានអត្តចរិត សីលធម៌ល្អ ដើម្បីដោះស្រាយបញ្ហាកង្វះអ្នកជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្មនាពេលបច្ចុប្បន្ន និងអនាគតសំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោកនាយកវិទ្យាស្ថាន បានបន្ថែមថា៖ វិទ្យាស្ថានបានធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយនឹងគ្រឹះស្ថានអប់រំ និងដៃគូទាំងនៅក្នុងប្រទេស និងក្រៅប្រទេស និងក្រុមហ៊ុនឯកជនក្នុងស្រុកដូចជា៖ ក្រុមហ៊ុន RMA Cambodia និងសមាគមភស្តុភារកម្មកម្ពុជានាពេលនេះស្រាប់ ដើម្បីពង្រីកការគាំទ្រ និងផ្តល់ឱកាសបន្ថែមទៀត សំដៅពង្រឹងគុណភាពអប់រំដល់សិស្ស-និស្សិត និងសិក្ខាកាមរបស់វិទ្យាស្ថាន។

ជាមួយគ្នានេះផងដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម និងជាតំណាងភាគីហត្ថលេខីនៃសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងថា៖ ដើមឡើយសមាគមភស្តុភារកម្មកម្ពុជាមានឈ្មោះថា៖ សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ មានបេសកកម្មផ្តល់ការ បណ្តុះបណ្តាលធនធានមនុស្សដើម្បីផ្គត់ផ្គង់ឱ្យវិស័យឡូជីស្ទីកចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់សព្វថ្ងៃ ដោយប្រើប្រាស់ឯកសារបណ្តុះបណ្តាល ស្របតាមស្តង់ដារនៅក្នុងតំបន់អាស៊ានទាំងមូល និងអន្តរជាតិ។ បច្ចុប្បន្នមានសិក្ខាកាមប្រមាណជាង៥០០០នាក់ បានទទួលការបណ្តុះបណ្តាលពីសមាគម ដោយឡែកគ្រូបង្គោលរបស់សមាគមបានទទួលការបណ្តុះបណ្តាលពីវិទ្យាស្ថានភស្តុភារកម្មអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ និងធ្លាប់ចុះកម្មសិក្សាដោយផ្ទាល់ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ និងកំពុងបម្រើការក្នុងវិស័យភស្តុភារកម្មអស់រយៈពេលជាច្រើនឆ្នាំផងដែរ។

លោកឧកញ៉ា បានគូសបញ្ជាក់បន្ថែមទៀតថា៖ បច្ចុប្បន្ននេះកម្ពុជានៅមានកង្វះខាតធនធានមនុស្សយ៉ាងច្រើនសម្រាប់បំពេញតម្រូវការឱ្យវិស័យភស្តុភារកម្ម ដែលបញ្ហានេះតម្រូវឱ្យសមាគមបង្កើនកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះចាប់ពីថ្នាក់មូលដ្ឋានរហូតដល់កម្រិតមធ្យម ហើយសមាគមបាន និងកំពុងឈានមកដល់កម្រិតមួយដែលបណ្តាធុរកិច្ចជនក្នុងវិស័យភស្តុភារកម្មកំពុងតែត្រូវការជាចាំបាច់។

ថ្លែងក្នុងមតិសំណេះសំណាលក្នុងអង្គពិធីនាឱកាសនោះដែរ លោកស្រី​រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលធនធានមនុស្សចាប់ពីកម្រិតមធ្យមបច្ចេកទេស ឧត្តមសិក្សា រហូតដល់ក្រោយឧត្តមសិក្សាលើជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្រោមដំបូលសន្តិភាពនិងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាឱកាសនេះ ភាគីទាំងពីរបានឯកភាពលើគោលការណ៍មួយចំនួនរួមមាន៖៖ សហការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នាសម្រាប់វគ្គខ្លី មធ្យម និងវែងលើមុខជំនាញភស្តុភារកម្មនិងជំនាញពាក់ព័ន្ធ ផ្លាស់ប្តូរសិស្ស-និស្សិត សិក្ខាកាម សាស្រ្តាចារ្យ និងបុគ្គលិក សហការសិក្សាស្រាវជ្រាវលើតម្រូវការនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្មវិធីសិក្សា រៀបចំសិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងកម្មវិធីនានា រៀបចំទស្សនកិច្ចសិក្សា ការធ្វើ កម្មសិក្សា ការបំពេញការងារហាត់ការ និងឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនជាសមាជិក និង លើកកម្ពស់ការយល់ដឹងលើវិស័យភស្តុភារកម្មនៅកម្ពុជាផងដែរ។

បច្ចុប្បន្ននេះ និស្សិតជំនាន់ទី១របស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនមានចំនួន ១៩១នាក់ បាន និងកំពុងសិក្សាតាមប្រព័ន្ធអនឡាញលើជំនាញចំនួន៦ក្នុងដេប៉ាតឺម៉ង់ចំនួន៣រួមមាន៖ ១. ដេប៉ាតឺម៉ង់សំណង់សាធារណការ៖ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២. ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើមុខជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង ៣. ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។

កម្មវិធីសិក្សាពេញមួយថ្ងៃ (ព្រឹក/រសៀល)៥ ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពី ម៉ោង៧:០០ព្រឹកដល់ម៉ោង១១:០០ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង១:០០រសៀលដល់ម៉ោង៥:០០ ល្ងាច ហើយការសិក្សាឆមាសទី២របស់និស្សិតជំនាន់ទី១នេះបានចាប់ផ្ដើមកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print