ភ្នំពេញ, «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបជាមួយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ផងដែរ។ រួមជាមួយគ្នានេះ កម្មវិធីស្វ័យសិក្សា MoEYS E-Learning ក៏ជាផ្នែកមួយនៃការរៀបចំខ្លួនដើម្បីជ្រៀតចូលក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលកំពុងរីកសុសសាយនៅលើពិភពលោក និងជាការបង្កើតវេទិកាបន្ថែមសម្រាប់រៀនដោយខ្លួនឯងគ្រប់ពេលវេលា គ្រប់ទីកន្លែង» ។ ប្រសាសន៏ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីអំពីនៃ «កម្មវិធីស្វ័យសិក្សា MoEYS E-Learning៖ ៥ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាសាធារណៈ»។
សូមបញ្ជាក់ផងដែរថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) គឺជាដៃគូយ៉ាងស្អិតរមួត លើវិស័យអប់រំ និងបណ្តុះបណ្តាលសមត្ថភាព បំណិនជីវិត គំនិតច្នៃប្រឌិត ស្មារតី មនសិការជាតិរបស់យុវជន ជាពិសេសក្នុងដំណើរការកំណែទម្រង់វិស័យអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មក ដូចជាការរៀបចំវគ្គបំប៉នថ្នាក់ទី១២ ដើម្បីពង្រឹងសមត្ថភាពការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ការចូលរួមសង្កេតការការប្រឡងបាក់ឌុប ការគាំទ្រលើកម្មវិធីអាហារូបករណ៍ក្នុង និងក្រៅប្រទេស ជាមួយកិច្ចសហការដទៃទៀត។ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដៃគូសហការទាំងពីរបានបន្តសកម្មភាពក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងសម្របសម្រួលដំណើរការផ្សេងៗសម្រាប់ការអប់រំពីចម្ងាយ ហើយជាចុងក្រោយនេះគឺការតម្លើងកម្មវិធីទូរស័ព្ទសម្រាប់ការស្វ័យសិក្សា MoEYS E-Learning៕