ភ្នំពេញ ៖ ទីតាំងល្បែងសុីសងប្រភេទឡូតូ keno មួយកន្លែងបានបើកដំណើរការយ៉ាងរលូនអស់រយៈពេលជាយូរមកហើយ ដោយមានការសង្ស័យថាដំណើរការនៃល្បែងនេះគឺស្ថិតក្រោមក្រសែភ្នែករបស់អាជ្ញាធរដែនដី។
ទីតាំងល្បែងស៊ីសងប្រភេទឡូតូKenoខាងលើនេះស្ថិតនៅផ្ទះលេខ9E ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានប្រមូលផ្ដុំមនុស្សជាច្រើនដែលចចេសមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ របស់ប្រមុខរដ្ឋាភិបាលឡើយ។ បច្ចុប្បន្នអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ចូលរួម បង្ការ ទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់ជំងឺcovid-19 ក្នុងសហគមន៍២០កុម្ភៈឱ្យបានជោគជ័យ។
តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌ៧មករា ដែលមានលោក លីម សុភា ប្រធានគណៈបញ្ជាការឯកភាព និងលោកវរសេនីយ៍ឯក នេត ស៉ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ហាក់មិនយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំឡើយដោយបានបើកដៃឱ្យឈ្មួញល្បែងសុីសងបើកលេងយ៉ាងរំភើយក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញដល់លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបទល្មើសផ្ទុយពីវិធានការក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ-១៩។ ក្នុងករណីដែលបណ្តែតបណ្តោយឱ្យមានការបើកក្លឹិបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយបើមានបទល្មើសកើតហើយកុំឆ្លើយថា មិនដឹងនោះ ។
ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងខាងលើនេះ លោកអ៊ុន ភារម្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់បានឲ្យសារព័ត៌មាននគរដ្រ្តេហ្គនដឹងថា លោកធ្លាប់បានរាយការណ៍ទៅថ្នាក់លើម្ដងដែរតែដោយទីតាំងខាងលើនេះមានច្បាប់ តែចាំមើលពេលថ្ងៃលោកនឹងឲ្យជំនាញចុះមើលម្ដងទៀត ៕
ដោយ៖ ស សម