ខេត្តព្រះវិហារ៖ ប្រតិភូសាលារាជធានីភ្នំពេញបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយសម្តេចតេជោទៅជូនកងទ័ពការពារព្រំដែនទិសប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ក្នុងន័យចូលរួមជាមួយព្រះពុទ្ធសាសនាដែលប្រជាពុទ្ធបរិស័ទតែងតែ
បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនោះ។ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោកស៊ុយ សេរិទ្ធ អភិបាលរង រាជធានី តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខវីរកងទ័ព វីរនគរបាលដែលកំពុងឈរជើងការពារព្រំដែន នៃកងពលធំអន្តរាគមន៍លេខ៣ទិសប្រាសាទព្រះវិហារ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ពនិងគ្រួសារកងទ័ពផងដែរ។
លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បានឱ្យដឹងថា៖ ទោះបីសភាព
ការណ៍នៅតាមបន្ទាត់ព្រំដែនមានសភាព ស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយទៅជាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាងក្តី ក៏កងទព័យើងមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៍នោះឡើយ គឺបានពង្រឹងស្មារតីដើម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ កងទ័ពយើងបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍តាមវិធានរបស់ក្រសួងសុខាភិបាល និងការពារអង្គភាពទ័ពមិនឱ្យមានការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះឡើយ។
លោកឧត្តមសេនីយ៍ស្រី ឌឹក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ដូចរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោកឃួង ស្រេង ក្នុងនាមជាអង្គ
ភាពសម្ពន្ធមេត្រីភាពជាមួយកងពលធំអន្តរាគមន៍លេខ៣ និងអង្គភាពចំណុះ តែងតែបានគិតគូរពីសុខទុក្ខរបស់កងទ័ព យើងក្នុងន័យផ្សារភ្ជាប់រវាងសមរភូមិមុខ និឹងសមរភូមិក្រោយ ហើយនៅពេលនេះដែររដ្ឋបាលរាជធានីភ្នំពេញក៏បានជួយសាងសង់រោងដាក់រថយន្តមួយខ្នងដែលមានតម្លៃជាង៥ម៉ឺនដុល្លារសម្រាប់កងពលប្រើប្រាស់ផងដែរ។
លោកស៊ុយ សេរិទ្ធ ក្នុងនាមតំណាង
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ទោះបីក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩និងមេរោគបំប្លែងថ្មីDeltaក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញមិនដែលភ្លេចបងប្អូនកងទ័ពនិងនគរបាលការពារព្រំដែនដែលជាអង្គភាពសម្ពន្ធមេត្រីភាពនោះដែរ។ លោកសុំឱ្យវីរៈកងទ័ពយើងបន្តពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងក្នុងជួរកងទ័ព និងទាំងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានប្រសើរថែមទៀត។ ចំពោះអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អង្គភាពកងទ័ពរួមមាន៖ កងពលធំអន្តរាគមន៍លេខ៣ទទួលបានថវិកា១០ លានរៀល, ប្រេងម៉ាស៊ូត៦០០០លីត្រ, ទឹកក្រូច៥០០កេស,មី៥០០កេស,ម៉ាស់
៥ម៉ឺន, អាល់កុល៣០កាន និងថវិកាសម្រាប់សាងសង់អគារដាក់រថយន្តលើកទី២ចំនួន២៧.៧០០ដុល្លារ។ ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៩មានថវិកា១០លានរៀល, ប្រេង ម៉ាស៊ូត៦០០០លីត្រ,ទឹកក្រូច៦៤០កេស,មី៦៤០កេស, ម៉ាស់៥ម៉ឺនម៉ាស់, អាល់កុល៣០កាន។ ផ្តល់ជូនវរនគរបាលការពារព្រំដែនលេខ៧៩៣ មានថវិកា២លានរៀល,ប្រេងម៉ាស៊ូត១០០០លីត្រ, ទឹកក្រូច៦០កេស,មី៦០កេស,ម៉ាស់១ម៉ឺន,អាល់កុល៥កាន។ ផ្តល់ជូនបញ្ជាការដ្ឋានអង្គរក្សថវិកា២០លានរៀល, ទឹកក្រូច៦០កេស, មី៦០កេស, ម៉ាស់ ៥០០០, អាល់កុល៥កាន។ ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨មាន ថវិកា១០លានរៀល,ប្រេងម៉ាស៊ូត៧០០០លីត្រ,ទឹកក្រូច៧៤០កេស,មី៧៤០កេស,ម៉ាស់៩ម៉ឺន,អាល់កុល៣០កាន។ ជាមួយគ្នានេះក៏បានផ្តល់ជូននាយទាហាន,នាយទាហានរង ពលទាហានវរសេនាតូចអន្តរាគមន៍លេខ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ជាច្រើនរូបទៀតផងដែរ៕
ដោយ៖ សំរិត