ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះចុងភៅទទួលធ្វើម្ហូបបុណ្យ ម្ហូបការ និងកម្មវិធីផ្សេងៗមួយកន្លែងស្ថិតនៅផ្លូវបេតុង ផ្ទះលេខ380A ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍កាលពីវេលាម៉ោង៤ និង០០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ។
ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ស៊ីវ សាំង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ មេចុងភៅ ស្នាក់នៅចំណុចកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារម្ចាស់ផ្ទះបានចេញទៅក្រៅបាត់ សល់តែស្ត្រីវ័យចំណាស់ម្នាក់នៅចាំផ្ទះ ដោយម្ចាស់ផ្ទះបានបើកធុងហ្គាសចោលហើយភ្លេចបិទវិញ ទើបបណ្ដាលឲ្យផ្ទុះធុងហ្គាសឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ ទប់ស្កាត់កុំឲ្យមានការរាលដាលឆាបឆេះដល់ផ្ទះផ្សេង និងរាយការណ៍ទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកធ្វេីការបាញ់ពន្លត់ ។ តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងពេកគ្រប់គ្រងស្ថានការណ៍មិនបាន ទេីបបណ្ដាលឲ្យឆាបឆេះផ្ទះខាងលើនេះតែម្ដង តែមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡេីយ ។
សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហេីយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ១៤គ្រឿង ដោយប្រេីប្រាស់ទឹកអស់ចំនួន ១៣ឡាន ស្មេីនឹង ៥៤ម៉ែត្រគូប ដោយប្រើប្រាស់រយៈពេល៣០នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរនៅល្ងាចថ្ងៃខែឆ្នាំដដែល៕
ដោយ ៖ ភារ៉ា ដង្កោ