ខ្មាន់កាំភ្លើងបាញ់ប្រហារអ្នករេីសអេតចាយបណ្តាលឱ្យស្លាប់ម្នាក់ដោយមិនដឹងពីមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ខណៈកំពុងនាំគ្នាដើររើសអេតចាយត្រូវបានជនមិនស្គាល់មុខមកបាញ់ប្រហារមួយគ្រាប់បណ្ដាលឱ្យត្រូវយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់បានគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់មកក៏មានបុរសម្នាក់បើករថយន្តឡិចសុីសមួយគ្រឿងដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប៉ុន្តែពេលដឹកជនរងគ្រោះទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏ដឹកតាមរថយន្ដមកទម្លាក់សពនៅមុខវត្តសុភាឃួន ក្នុងសង្កាត់ចោមចៅទី៣ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងសមត្ថកិច្ច។

សពជនរងគ្រោះមានឈ្មោះខឿន វ៉ាន់ដឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅម្តុំក្រោយផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមការរៀបរាប់ពីបងស្រីជនរងគ្រោះបានប្រាប់ឱ្យដឹងថា កន្លងមកប្អូនប្រុសរបស់គាត់តែងតែដើររើសអេតចាយជាមួយមិត្តភក្តិរៀងរាល់យប់ថ្ងៃ ហើយមុនកើតហេតុប្អូនរបស់គាត់បានចេញដើររើសអេតចាយជាមួយមិត្តភក្កិជាធម្មតាដូចសព្វដង ហើយក៏ស្រាប់តែមានខ្មាន់កាំភ្លើងបាញ់សម្លាប់តែម្តងដោយមិនដឹងពីមូលហេតុឡើយ។

បើតាមការអះអាងពីបុរសម្នាក់ជាអ្នកបើករថយន្តឡិចសុីសបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តឆ្លងកាត់នៅចំណុចកើតហេតុខាងលើ ហើយក៏ប្រទះឃើញយុវជនម្នាក់កំពុងបីជនរងគ្រោះដោយមានឈាមដាបខ្លួន ពេលនោះរូបគាត់ក៏បានសួរនាំ ហើយយុវជនខាងលើបានបានប្រាប់រូបគាត់ថាជនរងគ្រោះត្រូវបានគេបាញ់១គ្រាប់ចំខ្នងខាងក្រោមខាងស្តាំ។ ភ្លាមនោះរូបគាត់បានឲ្យលើកជនរងគ្រោះដាក់លើរថយន្តរបស់គាត់ដើម្បីគាត់ជួយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:កំពុងដឹកជនរងគ្រោះទៅពេទ្យ ក៏ប្រទះយុវជនម្នាក់ទៀតដែលអះអាងថាជាមិត្តភក្តិជនរងគ្រោះដែរ រួចរូបគាត់ក៏ឱ្យឡើងជិះលើរថយន្តទៅជាមួយគ្នា។ពេលមកដល់មន្ទីរពេទ្យឯកជនជាច្រើនកន្លែង លោកគ្រូពេទ្យនៅទីនោះមិនហ៊ានទទួលឡើយរួចប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរូបគាត់ដឹកសពតាមរថយន្ដមកវិញដោយមិនដឹងយកទៅដាក់ទីណាទើបសម្រេចដឹកសពយកមកទុកនៅមុខវត្តសុភាឃួនតែម្តងទៅ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្តរួមទាំងយុវជនម្នាក់ទៀតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសួរនាំបន្តងាយស្រួលសមត្ថកិច្ចធ្ធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ ហើយនិងមានលោកគ្រូពេទ្យមកពិនិត្យសំណាកផងដែរ ងាយស្រួលប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print